សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត
ភ្នំពេញ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានលោក ហ៊ុយ វណ្ណៈ ជាប្រធានពិតជាមានមោទនភាពដ៏ក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងក្លៀវក្លាជាមួយប្រជាជនកម្ពុជា និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
ក្នុងសេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិតជាថ្នាក់ដឹកនាំដ៏វាងវៃ មានទស្សនវិស័យវែងឆ្ងាយ និងប្រាកដនិយម ដែលយើងខ្ញុំជឿជាក់ និងគោរពដ៏ខ្ពង់ខ្ពស់បំផុត។ ដំណើរជាតិកម្ពុជា មិនអាចកាត់ផ្តាច់បានពីមគ្គុទេសក៍ដឹកនាំរបស់ សម្តេចតេជោ ដែលបានដោះស្រាយបញ្ហាលំបាកនានារបស់កម្ពុជាពីអតីតកាល, បាននិងកំពុងដឹកនាំអភិវឌ្ឍកម្ពុជាឱ្យរីកចម្រើនដ៏គួរជាទីមោទននាពេលបច្ចុប្បន្ន, និងថែមទាំងបានដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់មាតុភូមិកម្ពុជា។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបន្តថា លោក ហ៊ុន ម៉ាណែត គឺជាឥស្សរជនវ័យក្មេង ជាថ្នាក់ដឹកនាំយុវជន និងជាបញ្ញវន្តខ្មែរដ៏ឆ្នើមមួយរូបដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ គុណធម៌ និងសុជីវធម៌ដ៏ល្អ ហើយទទួលបានការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋខ្មែរទូទៅ និងទទួលបានការគោរពស្រឡាញ់រាប់អានពីថ្នាក់ដឹកនាំនានាទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។ លោក ហ៊ុន ម៉ាណែត ស័ក្តិសមជា បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំដែលអាចធានាបាននូវដំណើរជាតិកម្ពុជា ប្រកបដោយភាពជឿជាក់ ភាពប្រាកដនិយម ធានាបាននូវអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យ និងសាមគ្គីជាតិ។ ជាមួយគ្នានេះ ប្រជាជននឹងមានភាពប្រាកដក្នុងចិត្តបន្តរស់នៅក្នុងសង្គមជាតិមួយដែលមានឧត្តមភាព សុវត្ថិភាព ភាពកក់ក្តៅ សុភមង្គល សន្តិភាព និងវិបុលភាព៕