ព្រះសីហនុ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តពីសម្ដេចនាថ្ងៃអនាគត។
ថ្លែងក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងសមិទ្ធផលនានាក្នុងខេត្តព្រះសីហនុនៅព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការសម្រេចរបស់សម្ដេចគឺជាការបង្ខំរបស់អ្នកវិភាគដែលតែងតែនិយាយពីការបន្តតំណែងពីសម្ដេចទៅឱ្យកូនប្រុសរបស់ខ្លួន។ សម្ដេចបញ្ជាក់ថាការប្រកាសនៅថ្ងៃនេះគឺឱ្យច្បាស់ជាមួយអ្នកទាំងនោះកុំឱ្យវិភាគស្ទាក់ស្ទើរចុះឡើងដដែលៗពេក។
សម្ដេចតេជោថា៖ «ប្រកាសថ្ងៃនេះ គាំទ្រកូនឱ្យធ្វើនាយករដ្ឋមន្ត្រីបន្ត តែមិនមែនអ្វីក្រៅពីការបោះឆ្នោតទេគឺការបោះឆ្នោត។ បណ្ដុះបណ្ដាលកូនមិនមែនឱ្យធ្វើមេចោរទេ។ ជប៉ុនគេមានពូជរបស់គេ អាបេ ជីតាជានាយករដ្ឋមន្ត្រីដែលធ្លាប់មកស្រុកខ្មែរ ឪពុកជារដ្ឋមន្ត្រីការបរទេស ហើយកូនអាបេគឺជានាយករដ្ឋមន្ត្រីជប៉ុនធ្វើទាល់តែឈប់ធ្វើ»។
សម្ដេចតេជោផ្ដាំឱ្យលោក ហ៊ុន ម៉ាណែត ខំធ្វើខ្លួនឱ្យល្អដើម្បីទទួលបានការគាំទ្រឈានទៅកាន់តំណែងនាយករដ្ឋមន្ត្រីនៅពេលក្រោយ។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕
PHOTO: SARY