
ទិត ចិន្តា រំជួលចិត្តត្បិតក្លាយជាមនុស្សទី ២លានដែលទទួលវ៉ាក់សាំងហើយបានប្រាក់ ១០លានរៀលសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ ថវិកាឧបត្ថម្ភលើកទឹកចិត្តចំនួន១០លានរៀលរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឱ្យបុគ្គលទី២លាន ដែលទទួលបានការចាក់វ៉ាក់សាំងរំជួលចិត្ត ទប់ទឹកភ្នែកពុំបាន ខណៈកម្មការិនី ទិត ចិន្តា បានទាំងការចាក់វ៉ាក់សាំងការពារអាយុជីវីតនិងបានទាំងថវិកាលើកទឹកចិត្ត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងលោកស្រី ឱ វណ្ណឌីន បានយកថវិកាខាងលើនេះទៅគ្រល់ដល់ដៃកម្មការិនី ទិត ចិន្តា នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្មការិនីរូបនេះបាននិយាយទាំងអួលដើមករមិននឹកស្មានថាមានភ័ព្វសំណាងបានប្រាក់លើកទឹកចិត្តដ៏ច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។
"ថវិកានេះនឹងជួយដោះស្រាយការលំបាករបស់នាងខ្ញុំដែលកំពុងខ្វះខាតនិងជំពាក់បំណុលគេផងនោះ" អ្នកស្រី ទិត ចិន្តា បាននិយាយទៅកាន់អ្នកសារព័ត៌មាន ហើយថែមបានចាត់ទុកថវិកានេះប្រៀបដូចជាថវិកាព្រះប្រទានដែលនឹកស្មានមិនដល់។
ទិដ្ឋភាពក្នុងពេលប្រគល់ថវិកានោះ ទាំងអ្នកស្រី ទិត ចិន្តា និងក្រុមគ្រួសារនៅឯស្រុកកំណើតមានរីករាយដែលក្រោយពេលទទួលបានព័ត៌មានថាទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ។
អំណោយដែលនាំទៅជូនកម្មការិនីរូបនេះ ក្រៅតែពីថវិកា ១០លានរៀលទៅ ក៏មានការផ្តល់ជំនួយជាស្បៀងអាហារមានអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុងជាដើម។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឧបត្ថម្ភថវិកាចំនួន ៥លានរៀលដល់លោក ប៉ាន់ សុវណ្ណរិទ្ធិ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅផ្ទះល្វែងលេខ២ ព្រៃព្រីង២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ដែលជាអ្នកចាក់វ៉ាក់សាំងទី១លានកាលពីខែមេសាកន្លងទៅ៕