ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានពិសារបាយថ្ងៃត្រង់នៅការិយាល័យរបស់សម្ដេចនៅវិមានសន្តិភាពនៅថ្ងៃនេះ ដោយថាមានការងារជាច្រើនដែលសម្ដេចត្រូវបំពេញដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន។
តាមកាលវិភាគនៅថ្ងៃនេះ សម្ដេចតេជោ ត្រូវជួបប្រជុំតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងបន្តជួបដោយផ្ទាល់ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៉ីថែមទៀត មុននឹងចេញដំណើរដោយរថយន្តមកខេត្តព្រះសីហនុដើម្បីដាក់សម្ពោធឱ្យប្រើប្រាស់សមិទ្ធផលក្នុងខេត្តនេះនាថ្ងៃស្អែក។
សម្ដេចតេជោបានសរសេរលើហ្វេសបុកផេករបស់សម្ដេចថា៖ «ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនដែលយើងបានកសាងឡើង។ ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។ ដឹកនាំប្រទេសគឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយមិនបានផង»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។
សម្ដេចតេជោ តែងតែជួបប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសនានា ដឹកកិច្ចនាំរាជរដ្ឋាភិបាល ក៏ដូចជាដឹកនាំកិច្ចប្រជុំអន្តរជាតិធំៗដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ល។ ពេលទំនេរសម្ដេចតែងចំណាយពេលជាមួយចៅៗ វាយកូនគោល និងមើលរូបថតអតីតកាលរបស់សម្ដេចដើម្បីបំបាត់ការនឿយហត់ពីការងារ៕