
ក្រសួងណែនាំឱ្យអាជីវកម្មដែលមានហានិភ័យខ្ពស់ អនុវត្តន៍ឱ្យបានត្រឹមត្រូវលើវិធានស្ដង់ដាក្នុងពេលបើកអាជីវកម្មឡើងវិញ
ភ្នំពេញ៖ ក្នុងពេលដែល ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និងម៉ាស្សា ត្រូវបានរាជរដ្ឋាភិបាលសម្រេចឱ្យបើកឡើងវិញចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះ។ ក្រសួងទេសចរណ៍បានក្រើនរំលឹកដល់អាជីវកម្មទាំងអស់នោះអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។
ក្រសួងទេសចរណ៍ក៏បានណែនាំដល់ រដ្ឋបាលរាជធានី-ខេត្តឱ្យពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងអនុញ្ញាតឱ្យដំណើរការអាជីវកម្មឡើងវិញផងដែរ។
ព្រមជាមួយគ្នានោះផងដែរ ក្រសួងក៏សម្រេចឱ្យរដ្ឋបាលខេត្ត-រាជធានី ចាត់វិធានការផ្លូវច្បាប់ និងបិទអាជីវកម្មលើទីតាំងអាជីវកម្មណាដែលមិនប្រតិបត្តិតាមស្ដង់ដារអប្បរមារបស់ខ្លួនផងដែរ។
អស់រយៈពេលជាង១ឆ្នាំ និង៨ខែហើយដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបានរដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្មបន្ទាប់ពីកម្ពុជាបានរកឃើញជំងឹកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណាពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មីនៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញនៅថ្ងៃទី១ ខែវិច្ឆិកា នៅពេលដែលកម្ពុជាសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ និងបានបើកប្រទេសឡើងវិញ៕