ភ្នំពេញ៖ កូនស្រីពៅរបស់លោក កឹម សុខា កញ្ញា កឹម សុម៉ាធីតា បានសរសេរនៅលើបណ្ដាញសង្គម twitter របស់ខ្លួន ប្រកាសច្រានចោលព័ត៌មានទាំងឡាយដែលលាបព័ណ៌មកលើក្រុមគ្រួសារកញ្ញា និងថាក្រុមគ្រួសារកញ្ញាបានរងគ្រោះព្រោះការលាបព័ណ៌របស់ សម រង្ស៊ី និងបក្ខពួកអស់ជាច្រើនឆ្នាំមកហើយផងដែរ។
ក្នុងសារលើ Twitter កឹម សុម៉ាធីតា បានលើកឡើងថា ចាប់តាំងពីឪពុកកញ្ញាត្រូវបានចាប់ខ្លួន សម រង្ស៊ី និងគូកនបានចាប់ផ្ដើមយុទ្ធនាការលាបព័ណ៌មកលើឪពុករបស់កញ្ញា និងព្យាយាមបំបិតមាត់ដៃគូររបស់ខ្លួនថែមទៀត។ កញ្ញាចាត់ទុកថាសកម្មភាពរបស់ សម រង្ស៊ី និងបក្ខពួកថា ជាសកម្មភាពជនផ្ដាច់ការ និងប្រើប្រាស់ឧបករណ៍បំពងសំឡេងដែលលំអៀងរបស់ខ្លួនផ្សព្វផ្សាយបំផ្លាញអ្នកដទៃ។
កញ្ញាបានលើកឡើងថា៖ «គ្រួសាររបស់ខ្ញុំត្រូវបាន សម រង្ស៊ី លាបព័ណ៌អស់ជាច្រើនទស្សវត្សមកហើយ ដោយចាប់ផ្តើមពីការចោទថាយើងជាជនជាតិវៀតណាម រហូតដល់ការវាយប្រហារអាសអាភាសភេទមកលើបងស្រីរបស់ខ្ញុំបន្ទាប់ពីការចាប់ខ្លួននៃលោកឪពុក។ ជនណាប្រកាសតាំងខ្លួនឯងជាអ្នកប្រឆាំងការប្រកាន់ជាតិសាសន៍ និងអ្នកលើកតម្កើងស្ត្រីភេទដែលការពារ សម រង្ស៊ី គួរត្រូវបានគេស្គាល់ថាជាមនុស្សល្ងង់លាក់ពុត»។
ការចេញមកបញ្ជាក់របស់កូនស្រីលោកកឹម សុខា នៅពេលនេះគឺបន្ទាប់ពីឪពុករបស់កញ្ញា លោក កឹម សុខា បានប្រកាសផ្ដាច់ចំណងទំនាក់ទំនងរបស់លោកពីលោក សម រង្ស៊ី និងអំពាវនាវឲ្យ សម រង្ស៊ី និងបក្ខពួកឈប់យកឈ្មោះលោកទៅភ្ជាប់នឹង សម រង្ស៉ី ថែមទៀត ដោយបានធ្វើឱ្យក្រុមអ្នកគាំទ្រ សម រង្ស៊ី មានការខឹងសម្បារនិងលាបព័ណ៌បន្ថែមមកលើលោក កឹម សុខា ជាខ្លាំង។
ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាល ពី ឆ្នាំ២០១២ គណបក្សសមរង្ស៊ីដែលដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលដឹកនាំដោយលោក កឹម សុខា បានច្របាច់បញ្ជូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិដើម្បីចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកសភាឆ្នាំ២០១៣។
ទោះជាយ៉ាងណាក្រោយពីលោក កឹម សុខា ត្រូវចាប់ខ្លួន ហើយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល សម្ព័ន្ធភាពនៃគណបក្សបានបែកបាក់ជាច្រើននិងបានបង្កើតជាគណបក្សជាបន្តបន្ទាប់ដើម្បីចូលរួមក្នុងការបោះឆ្នោតខាងមុខ ខណៈគណបក្សដើមគឺគណបក្សភ្លើងទៀន(អតីតបក្សសមរង្ស៊ី) បានបង្ហាញជំហរនយោបាយចូលរួមការបោះឆ្នោតវិញ៕