អាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួនមនុស្ស០៧នាក់ពាក់ព័ន្ធករណីកាប់ឆ្ការឈូសឆាយដីព្រៃលិចទឹកខុសច្បាប់
បាត់ដំបង៖ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបឃាត់ខ្លួនមនុស្ស០៧នាក់ពាក់ព័ន្ធករណីកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹកដើម្បីអនុវត្តតាមផ្លូវច្បាប់។
ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង លោកវរសេនីយ៍ត្រី សូ ឌី បានអោយដឹងថា មនុស្សទាំង៧នាក់នេះត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១ និង២៥នាទីរសៀល នៅចំណុចអូរកំបុត ស្ថិតក្នុងភូមិ ព្រែកឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
លោកបានឱ្យដឹងផងដែរថាមនុស្សទាំង៧នាក់នេះ មាន៦នាក់ជាកសិករដែលរស់នៅភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង១នាក់រស់នៅភូមិពេជ្រចង្វា ឃុំព្រៃកប្បាស់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ដែលមានអាយុពី២៤ ដល់៥៤ឆ្នាំ។ វត្ថុតាងដែលឃាត់បានរួមមាន ត្រាត់ទ័រ ១គ្រឿង គោយន្ត ១គ្រឿង ការណូតស្មាច់មានម៉ាស៊ីន ២គ្រឿង និងម៉ាស៊ីនការណូត ១គ្រឿង។
បច្ចុប្បន្នត្រូវបានមន្ត្រីជំនាញនៃមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កំពុងតែធ្វើការកសាងសំណុំរឿងដើម្បីអនុវត្តតាមផ្លូវច្បាប់ ចំណែកវត្ថុតាងត្រូវបានរក្សាទុកជាបណ្តោះអាសន្ននៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឯកភ្នំផងដែរ៕