ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្រ្តីឡាវអរគុណកម្ពុជាដែលបានផ្តល់ជំនួយប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក ផនខាំ វីផាវ៉ាន់ បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យ មានម៉ាស វ៉ាក់សាំង និងថវិកាដល់ប្រទេសឡាវក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។

ក្នុងជំនួបជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកានេះ លោក ផនខាំ វីផាវ៉ាន់ បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ បានទទួលជោគជ័យយ៉ាងធំធេងនៅក្នុងការរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណីនិងបងប្អូនរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ទំាងការងារសង្គម ពាណិជ្ជកម្ម ពិសេសរដ្ឋាភិបាលទំាងពីរបានសន្យាខិតខំដោះស្រាយបញ្ហានៅសេសសល់លើកិច្ចការព្រំដែនដើម្បីប្រែក្លាយបន្ទាត់ព្រំដែន សន្តិភាព អភិវឌ្ឍន៍និងបងប្អូន។ លោកក៏បានអរគុណចំពោះរាជរដ្ឋាភិបាល រដ្ឋសភា និងប្រជាជនកម្ពុជា ដែលបានផ្ដល់ជំនួយដល់ប្រទេសឡាវជាបន្តបន្ទាប់ក្នុងការប្រយុទ្ធទៅនឹងជំងឹកូវីដ-១៩ផងដែរ។

ជាការឆ្លើយតប សម្តេចពញាចក្រី ហេង សំរិន បានសាទរចំពោះសមិទ្ធផលដែលកើតចេញពីចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលសម្រេចបាន និងបានគូសបញ្ជាក់ថាទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឡាវនាពេលនេះបង្ហាញពីការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីមានភាពធូរស្បើយនៃវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបន្តជំរុញបន្ថែមទៀតនូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេរដងថែមទៀត។

ក្នុងជំនួបរវាងលោក ផនខាំ វីផាវ៉ាន់ និងសម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ សម្ដេចតេជោបានសម្រេចផ្ដល់ជំនួយចំនួន ១៣លានដុល្លារដល់ប្រទេសឡាវ ដែលក្នុងនោះ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតគឺជាថវិការបស់ក្រុមហ៊ុនឯកជន ថែមទាំងផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូស និងរថយន្តពីរគ្រឿងថែមទៀត ជូនប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។

នេះជាការផ្ដល់ជំនួយជាលើកទី៣ហើយដែលកម្ពុជាផ្ដល់ដល់ប្រទេសឡាវ បន្ទាប់ពីជំនួយជាម៉ាស់២លាន១សែន និងបរិក្ខារពេទ្យ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ និងអំណោយវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ចំនួន២សែនដូសកាលពីខែកញ្ញាកន្លង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក