វីរុសបំប្លែងថ្មីពីឥណ្ឌា និងអង់គ្លេស អាចរីករាលដាលក្នុងប្រទេសកម្ពុជាបើសិនណាប្រជាពលរដ្ឋធ្វេសប្រហែស
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា វីរុសបំប្លែងថ្មីពីឥណ្ឌា B-1617 និងអង់គ្លេស B-117 អាចរីករាលដាលក្នុងប្រទេសកម្ពុជា បើសិនណាប្រជាពលដ្ឋធ្វេសប្រហែសនូវការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមកគឺ ៣ការពារ និង៣កុំ។
ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ស្តីពីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថាវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី មានភាពឆ្លងសាហាវលឿននិងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ បច្ចុប្បន្ននេះហើយអត្រានៃការបាត់បង់ជីវិតកខ្ពស់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ថ្វីត្បិតតែស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជារំពឹងថានឹងថយចុះជាបន្ដបន្ទាប់ក្រោយពីយុទ្ធនាការក៏ដូចជាវិធានការដាក់ចេញការបិទខ្ទប់របស់រាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះវាមិនភ្លេចយើងឡើយប្រសិនបើយើងមិនការពារឲ្យបានម៉ឺងម៉ាត់នោះ ខណៈដែលវីរុសបំប្លែងថ្មីនៅប្រទេសអង់គ្លេសក៏ត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺកូវីដ-១៩ នៅកម្ពុជារួចទៅហើយដែរ។
វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តណែនាំដល់ប្រជាពលរដ្ឋត្រូវតែគោរពនិងអនុវត្តយ៉ាងហ្មត់ចត់នូវវិធានការបង្ការជំងឺដែលជាការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រកម្ពុជា និងដោយក្រសួងសុខាភិបាល ៣ការពារ និង៣កុំ។
វិធានការ ៣ការពារ រួមមាន៖ ពាក់ម៉ាស់ លាងដៃ និងគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឲ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង។ វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបន្តទៀតថា សម្ដេចតេជោបញ្ជាក់ថា ចំណុច៣ការពារនេះសំខាន់ខ្លាំងណាស់ ធ្វើដូច្នេះទើបអាចយកឈ្នះលើជំងឺកូវីដ-១៩ បានដោយជោគជ័យ។
ចំណែក ៣កុំ រួមមាន៖ កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីវីរុសបំប្លែងថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា និងប្រទេសអង់គ្លេស ជាលើកដំបូងដែលបានកើតឡើងទៅលើជនបរទេសចូលមកកម្ពុជា ដែលស្ថិតក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ផងដែរ ប៉ុន្តែករណីនេះបានកើតឡើងតាំងពីខែមុនមកម្ល៉េះ ហើយអ្នកជំងឺទាំងនេះក៏ត្រូវបានក្រុមគ្រូពេទ្យរបស់យើង ព្យាបាលជាសះស្បើយរួចហើយដែរ៕