
ព្រះមហាក្សត្រ និងព្រះមហាក្សត្រីវររាជមាតា ផ្ញើព្រះរាជសារចូលរួមរំលែកទុក្ខញាតិវង្សសម្ដេចក្រុមព្រះ
ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា បានផ្ញើរាជសារចូលរួមរំលែកមរណទុក្ខដល់ព្រះញាតិវង្សានុវង្សទាំងអស់នៃព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានសោយព្រះទិវង្គត។
ក្នុងរាជសារចំនួន២ដែលផ្ញើជូនព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងអង្គម្ចាស់ក្សត្រា ក្សត្រី ជាព្រះបុត្រា បុត្រី សម្ដេចក្រុមព្រះ។ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះវររាជមាតា បានចាត់ទុកការសោយទីវង្គតរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាការបាត់បង់ព្រះបិតាដ៏ល្អប្រពៃមួយព្រះអង្គដែលជាទីគោរពស្រឡាញ់នៃព្រះបុត្រា បុត្រី ព្រមទាំងព្រះញាតិវង្សានុវង្ស និងញាតិមិត្តទាំងពួង និងជាការបាត់បង់ព្រះឥស្សរជនដ៏ប្រពៃមួយព្រះអង្គ ដែលមានស្នាព្រះហស្ដ និងព្រះគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។
ព្រះមហាក្សត្រ និងព្រះវររាជាមាតា មានរាជអង្កាថា៖ «ខ្ញុំសូមសម្ដែងនូវហឬទ័យសោកស្ដាយដ៏ជ្រាលជ្រៅ ហើយសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ ជាមួយព្រះអង្គម្ចាស់ក្សត្រា ព្រះអង្គម្ចាស់ក្សត្រី ព្រមទាំងព្រះញាតិវង្សានុវវង្សទាំងអស់នៃព្រះសព» ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទីវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ ក្នុងប្រទេសបារាំងកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកាម្សិលមិញ។
ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕