BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញបន្តផ្អាកអាជីវកម្ម រង្គសាល ខារ៉ាអូខេ និងឌីស្គូតែក បន្តរយៈពេល៧ថ្ងៃទៀត
ភ្នំពេញ៖ រាជធានីភ្នំពេញបានបន្តចេញវិធានការរដ្ឋបាលចំនួន៧ថ្ងៃបន្តទៀតផ្អាកសកម្មភាពជួបជុំមនុស្សលើសពី៥០នាក់ រួមទាំងអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្គូតែក រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។ ការបន្តផ្អាកនេះដោយសាលារាជធានីលើកឡើងថាដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទោះជាយ៉ាងណាសាលារាជធានីអនុញ្ញាតឱ្យមានការជួបជុំមនុស្សលើសពី៥០នាក់បានក្នុងករណីជួបជុំពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យ សាសនា ផ្សេងៗដែលត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ការប្រមូលផ្ដុំរបស់បុគ្គលិកសុខាភិបាល ការបំពេញការងារសង្គ្រោះបន្ទាន់ នីតិវិធីតុលាការ និងការជួបជុំដែលមានភាពចាំបាច់សម្រាប់ផលប្រយោជន៍សាធារណៈ។
ក្នុងការអនុវត្តន៍សេចក្ដីសម្រេចនេះសាលារាជធានីភ្នំពេញ ប្រគល់ភារកិច្ចឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពពាក់ព័ន្ធឱ្យអនុវត្តហើយបើក្នុងករណីឃើញមានបុគ្គល ឬស្ថាប័នណា បំពានវិធានការទាំងនេះត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះអ្នកល្មើសដោយគ្មានការលើកលែងនោះទេ៕