ភ្នំពេញ : ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ លោក គឹម ភក្តី ជាគ្រូបង្គោលក្លិបបាល់ទាត់បឹងកេតលើកឡើងថា កូនក្រុមរបស់ខ្លួនបានចាប់ផ្តើមយុទ្ធនាការហ្វឹកហាត់ឡើងវិញ ដើម្បីត្រៀមលក្ខណៈមុនការប្រកួតសប្តាហ៍ទី២នៃការវិលត្រឡប់មកវិញក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១ទល់នឹងក្រុមអាស៊ីអឺរ៉ុបនៅថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១។
គ្រូបង្គោលរូបនេះបញ្ជាក់ថា ឥឡូវនេះគឺយើងចាប់ផ្តើមការហ្វឹកហាត់ឡើងវិញហើយយើងក៏មានពេលច្រើនគួរសមដែរ ក្នុងការប្រមូលកម្លាំងស្មារតីមកវិញជាមួយនឹងក្តីសង្ឃឹមថាកីឡាករទាំងអស់ នឹងធ្វើបានល្អក្នុងការប្រកួតនេះក៏ដូចជាប្រកួតបន្តបន្ទាប់។
លោកបានលើកឡើងថា នៅដើមរដូវកាលក្រុមការពារដំណែងជើងឯកឆ្នាំចាស់២០២០មួយនេះបានចាញ់២ប្រកួត ដោយលោកថានឹងប្រឹងប្រែងដាច់ខាត គឺត្រូវតែទទួលបានលទ្ធផលល្អពីការប្រកួតនេះដោយសារតែយើងបានបាត់បង់២ប្រកួតដំបូងវាជា បញ្ហាមួយដែរ។ ដូច្នេះដាច់ខាតត្រូវតែជាក្រុមមួយបន្តប្រកួតប្រជែងយកពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំនេះទោះបីជាមានឧបសគ្គយ៉ាងណា។
លោក គឹម ភក្តី បានបន្ថែមទៀថា នៅលើពិភពលោកក្រុមបាល់ទាត់មួយ គឺមិនអាចផ្លាស់ប្តូរកីឡាករជាច្រើនទេហើយក៏បាននិយាយពីដំបូងដែរថាស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសគឺនាំឱ្យយើងពិបាកក្នុងការរកកីឡាករ ជាពិសេសកីឡាករបរទេសថ្មីៗ ដើម្បីមកជួយក្រុម។ ប៉ុន្តែបើយើងក្រឡែកទៅមើលកីឡាករក្នុងក្រុមរបស់យើង គឺមិនទាន់មានសញ្ញាណាមួយដែលថាយើងបរាជ័យ ឬក៏ធ្លាក់ចុះនូវគុណភាពនោះទេ។ ប៉ុន្ដែអ្វីដែលយើងធ្វើមិនបានល្អគឺការរៀបចំក្រុមនិងរយៈពេលលេងរបស់យើងគឺឆ្ងាយពីគ្នាពេក។ ដូច្នេះការប្រមូលកីឡាករឱ្យត្រឡប់មកការប្រកួតប្រជែងលើទីលាន គឺខ្វះ ចន្លោះ ប៉ុន្តែមិនមានន័យថាយើងមិនមានសមត្ថភាពក្នុងការប្រកួតប្រជែងក្នុងលីគនៅឆ្នាំនេះទេ។
សូមបញ្ជាក់ថា ក្រៅពីការប្រជែងក្នុងលីគកំពូលកម្ពុជា, បឹងកេត ក្នុងនាមជាក្រុមជើងឯកលីគកម្ពុជា ២០២០នឹងត្រូវចូលរួមប្រកួតជម្រុះក្នុងពូល G នៃពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2021 ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តទៅជាមួយក្រុមជើងឯកលីគវៀតណាម Hannoi FC, ក្រុមជើងឯកលីគឥណ្ឌូណេស៊ី Bali United FC និង១ក្រុមទៀតមកពីវគ្គ Play-Off (ក្រុមឡាវ ឬ ព្រុយណេ)៕