គណបក្សហ៊្វុនស៊ិនប៉ិចបានដឹងថា ព្រះរាជសពសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញនាពេលខាងមុខ។
ការបញ្ជាក់របស់គណបក្សហ៊្វុនស៊ិនប៉ិច បន្ទាប់ពីសម្ដេចក្រុមព្រះបានចូលទិវង្គតកាលពីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ នៅវេលាម៉ោង ៩និង៤០នាទីនៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣និង៤០នាទីនៅភ្នំពេញ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននាថ្ងៃនេះគណបក្សហ៊្វុនស៊ិនប៉ិចបានលើកឡើងថា៖ «ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ព្រះរាជា ណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ» ។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលទិវង្គតនៅព្រះជន្មាយុ៧៧វស្សា ដោយព្រះរោគាពាធ។ ព្រះអង្គប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ គឺជាបុត្រទី២របស់សម្ដេចព្រះនរោត្តម សីហនុ និងព្រះជាយា ផាត់ កាញ៉ុល។
ព្រះអង្គធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧ និងបានក្លាយជាប្រធានសភាជាតិពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៦៕