ភ្នំពេញ៖ អត្រាគ្របដណ្ដប់សេវាព្យាបាលថែទាំអ្នកជំងឺអេដស៍នៅកម្ពុជាគិតត្រឹមឆ្នាំ២០២០កន្លងទៅគ្របដណ្ដប់ការថែទាំអ្នកជំងឺអេដស៍រហូតដល់៨៣% ដែលជាអាត្រាខ្ពស់ជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិកគឺខ្ពស់ជាងប្រទេសធំៗដូចជា ចិន ឥណ្ឌា ថៃ វៀតណាម ជាដើម។ នេះបើតាមសារលិខិតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ អបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ ធ្នូ ២០២១។
ក្នុងសារលិខិតនោះសម្ដេចតេជោ បានលើកឡើងថាប្រទេសកម្ពុជាបានសម្រេចបានគោលដៅ៩០-៩០-៩០ ដែលមានន័យថា ៩០ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគរបស់ខ្លួន ៩០ភាគរយនៃអ្នកផ្ទុកបានធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលដោយថ្នាំព្យាបាល និង៩០ភាគរយនៃអ្នកជំងឺទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុសនឹងមានការបង្ក្រាបវីរុស។ សម្ដេចតេជោបានបន្ថែមទៀតថារាជរដ្ឋាភិបាលបានរាប់បញ្ជូលអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមប្រជាជនក្រីក្រ ដែលកំពុងទទួលបានការគាំពាសង្គមកាន់តែទូលំទូលាយ ហើយក្នុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១៩៧៤គ្រួសារ បានទទួលប្រាក់ឧបត្ថមពីរដ្ឋដែលសរុបមានតម្លៃប្រមាណ១៣ម៉ឺនដុល្លារអាមេរិក។
សម្ដេចបានលើកឡើងថា៖ «ព្រះរាជាណាចក្រកម្ពុជាជាប្រទេសឈានមុខមួយ ដែលកំពុងផ្លាស់ប្ដូរមុខមាត់កម្មវិធីអេដស៍ពីការពឹងផ្អែកលើតែជំនួយខាងក្រៅ មកជាកម្មវិធីអេដស៍ដែលមានភាពធន់និងចីរភាព» ។
ទោះជាយ៉ាងនេះក្ដីក៏ សម្ដេចតេជោ ជំរុញបន្ថែមនិងធ្វើយ៉ាងណាឱ្យកម្ពុជាឈានទៅសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ ក្នុងគោលដៅបញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្របដណ្ដប់សេវាថែទាំ និងព្យាបាល ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ក្នុងការមកទទួលសេវា។
សម្ដេចជំរុញអង្គភាពពាក់ព័ន្ធនៃរាជរដ្ឋាភិបាលអនុវត្តនូវវិធានការទាំង៦តាមលិខិតលេខ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលមានដូចជា សិក្សានិងទម្លាក់ថវិកាដោយឡែកសម្រាប់ការងារប្រយុទ្ធនឹងមេរោគ និងជំងឺអេដស៍ ការធានាដល់ការទទួលបានសេវាថែទាំសុខភាព និងគាំពារសង្គមដល់អ្នកផ្ទុកមេរោគអេដស៍ គាំទ្រដល់អង្គការសង្គមស៊ីវិលក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងពង្រឹងធនធានមនុស្សដើម្បីឆ្លើយតបការរាលដាលមេរោគអេដស៍និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព។
សម្ដេចក៏អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ធ្វើការរួមគ្នាជាពហុវិស័យ សហការជិតស្និតជាមួយកាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល វិស័យឯកជន អ្នកផ្ទុកមេរោគអេដស៍ ក្រុមប្រជាជនគន្លឹះ និងសហគមន៍ដើម្បីលុបបំបាត់ការចម្លងមេរោគអេដស៍ និងយកជ័យជម្នះលើមេរោគអេដស៍ឱ្យបានតាមកាលកំណត់ឆ្នាំ២០២៥ផងដែរ។
បច្ចុប្បន្នកម្ពុជារកឃើញអ្នកមានផ្ទុកមេរោគអេដស៍ប្រមាណជាង ១២ ០០០នាក់ និងកំពុងទទួលការព្យាបាល។
ពិភពលោកនឹងប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាតសកល» ក្នុងគោលបំណងរួមគ្នាជាសកល ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តខ្ពសល់របស់ជាប្រជាជននៅលើសកលលោក រួមចំណេកចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕