ភ្នំពេញ៖ យុវជនម្នាក់ដែលជេរប្រមាថ និងដេញវាយនគរបាលចរាចរណ៍នៅចំណុចស្ពានអាកាសស្ទឹងមានជ័យកាលពីម្សិលមិញត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសួរនាំវិញបន្ទាប់ពីមានបញ្ជាពីអគ្គស្នងការនគរបាលជាតិលោក នេត សាវឿន។
យុវជនខាងលើត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកានេះ នៅចំណុចសាលមហោស្របចេនឡា ម្តុំផ្សារដើមគរ និងនាំខ្លួនទៅសាកសួរនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងវីដេអូដែលបានចែកចាយតាមបណ្ដាញសង្គមកាលពីម្សិលមិញបានបង្ហាញនូវយុវជនម្នាក់បានបង្ហាញការខឹងសម្បារ ជេរប្រមាថនគរបាលចរាចរណ៍ និងគំរាមប្រើប្រាស់ហិង្សាមកលើនគរបាលចរាចរណ៍ថែមទៀតបន្ទាប់ពីសមត្ថកិច្ចចរាចរណ៍បានចាប់ផាកពិន័យរឿងជិះបញ្ច្រាស់ និងបង្កគ្រោះថ្នាក់ចរាចរណ៍។ ករណីនេះអគ្គស្នងការនគរបាលជាតិលោកនាយឧត្តមសេនីយ៍ នេត សាវឿន បានចាត់ទុកជាការប្រមាថមកលើសមត្ថកិច្ចនិងបញ្ជាឱ្យមានវិធានផងដែរ៕