លោក ឈាង វុន ត្រូវឡើងជាប្រធានគណៈកម្មាការទី២ ខណៈលោក សួស យ៉ារ៉ា ឡើងជាប្រធានគណៈកម្មការទី៥នៃរដ្ឋសភា
ភ្នំពេញ៖ ក្រោយពីសភាបោះឆ្នោតជ្រើសតាំងលោក ជាម យៀប ដែលជាប្រធានគណៈកម្មការទី២នៃរដុ្ឋសភាឱ្យកាន់តួនាទីជាអនុប្រធានទី១ រដ្ឋសភា និងបានគាំទ្រលោក ឈាង វុន ជាសមាជិកគណៈកម្មការទី២ កាលពីព្រឹកមិញសមាជិកគណៈកម្មការទី២ និងគណៈកម្មការទី៥បានបោះឆ្នោតជ្រើសតាំងប្រធានគណៈកម្មការរៀងខ្លួន។
ជាលទ្ធផល លោក ឈាង វុន បានក្លាយជាប្រធានគណៈកម្មការទី២ ហើយលោក សួស យ៉ារ៉ា ត្រូវបានសមាជិកគណៈកម្មការទី៥បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការទី៥ផងដែរ។
គណៈកម្មការទី២នៃរដ្ឋសភាដែលជាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ចំណែកគណកម្មការទី៥នៃរដ្ឋសភាគឺជាគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន។
យោងតាមរដ្ឋធម្មនុញ្ញប្រធានគណៈកម្មការជំនាញនៃរដ្ឋសភាគឺជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានសិទ្ធិ និងមុខងារ រៀបចំរបៀបវារៈសម្រាប់ប្រជុំរបស់រដ្ឋសភា ពិនិត្យសម្រេចប្រគល់សេចក្ដីព្រាងច្បាប់ ឬសេចក្ដីស្នើច្បាប់ឱ្យគណៈកម្មការតាមមុខជំនាញពិនិត្យ ទទួលភារកិច្ចចាត់ចែងការងារនៅចន្លោះសម័យប្រជុំរបស់រដ្ឋសភា សម្រេចលើគំរោងថវិការបស់រដ្ឋសភា កំណត់ប្រាក់បំណាច់ផ្សេងៗរបស់តំណាងរាស្រ្ត លើកសរសើរ និងដាក់វិន័យ ជំរុញទំនាក់ទំនងតំបន់ និងអន្តរជាតិ ជាមួយសភានានា។
បច្ចុប្បន្នរដ្ឋសភាកម្ពុជាមានគណៈកម្មការជំនាញចំនួន១០គណៈកម្មការជំនាញ៕