កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

ច្បាប់ការពារសិទ្ធិមនុស្សចំនួន២ បន្ថែមទៀតកំពុងត្រូវបានរដ្ឋាភិបាលសិក្សារៀបចំ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានជម្រាបទៅកាន់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានអង្គការ UNDP ប្រចាំកម្ពុជា លោកស្រី ប៉ូលីន តាមេស៊ីស (Pauline Tamesis) ថាស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជាកំពុងតែរីកចំរើនជាបន្តបន្ទាប់ ហើយស្របគ្នានឹងភាពរីកចំរើននេះរដ្ឋាភិបាលក៏កំពុងសិក្សាបង្កើតច្បាប់ស្ដីពីការប្រឆាំងនឹងការរើសអើង និងច្បាប់ស្ដីពីសមភាពយេនឌ័រផងដែរ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស លោក កត្តា អ៊ន បានឱ្យ EAC News ដឹងថាក្នុងជំនួបជាមួយ លោកស្រី ប៉ូលីន តាមេស៊ីស កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានជម្រាបទៅតំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជាពីវឌ្ឍនភាពនៃការអនុវត្តន៍អនុសាសន៍នៃការពិនិត្យជាសកលឡើងវិញតាមការកំណត់ (UPR) និងភាពរីកចំរើននៃស្ថានភាពសិទ្ធិស្ត្រី និងភេទទី៣ នៅកម្ពុជាក្នុងរយៈពេល ២០ឆ្នាំចុងក្រោយ។ លោកបានបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី កំពុងសិក្សាដំណើរការរៀបចំច្បាប់ស្ដីពីការប្រឆាំងនិងការរើសអើង និងច្បាប់ស្ដីពីសមភាពយេនឌ័រផងដែរ។

លោកស្រី ប៉ូលីន តាមេស៊ីស បានទទួលស្គាល់ពីវឌ្ឍនភាពរបស់កម្ពុជាក្នុងកិច្ចការពារសិទ្ធិមនុស្សជាពិសេសការខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ហិង្សាប្រឆាំងស្ត្រី និងសមភាពយេនឌ័រ ខណៈលោកស្រីជំរុញដល់រដ្ឋាភិបាលឱ្យបង្កើនការអប់រំ ការផ្សព្វផ្សាយបន្ថែម ទៀតដើម្បីដោះស្រាយបញ្ហាទាំងនេះ។ លោកស្រីបានជំរុញដល់កម្ពុជាផងដែរក្នុងការរៀបចំច្បាប់អាពាហ៍ពិពាហ៍អ្នកស្រលាញ់ភេទដូចគ្នា។

ទាក់ទងនឹងសំណើរនេះ លោក កែវ រ៉េមី បានឆ្លើយតបថាកម្ពុជាត្រូវការពេលវេលាក្នុងការសិក្សាជាមួយស្ថាប័នពាក់ព័ន្ធទាក់ទងនឹងបរិបទសង្គម។

ក្នុងកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ទាំងតំណាង UN និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានព្រមព្រៀងគ្នាក្នុងការបន្តសហការ និងរួមគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីរបាយការណ៍ពាក់កណ្ដាលអាណត្តិ UPR និងសិក្ខាសាលាស្ដីពីច្បាប់សិទ្ធិទទួលបានព័ត៌មាននៅដើមឆ្នាំ២០២២ខាងមុខផងដែរ។

ក្នុងការពិនិត្យជាសកលតាមការកំណត់ (UPR) កាលពីឆ្នាំ២០១៩ រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិបានផ្ដលអនុសាសន៍ដល់កម្ពុជាចំនួន១៩៨ អនុសាសន៍ ខណៈរដ្ឋាភិបាលកម្ពុជាប្រកាសទទួលយកអនុសាសន៍ចំនួន១៧៣ និងកត់សម្គាល់អនុសាសន៍ចំនួន២៥។ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ធ្លាប់លើកឡើងថាអង្គការសហប្រជាជាតិបានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកស្ទួយនិងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ចំណែកកម្ពុជាក៏ប្រកាសទទួលយកអនុសាសន៍ UPR របស់អង្គការសហប្រជាជាតិដើម្បីបង្ហាញនូវឆន្ទៈក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក