មន្ទីររៀបចំដែនដី ខេត្តកំពង់ឆ្នាំងសម្រេចផ្អាកជាបណ្តោះអាសន្ននូវការងារ ចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្រ្តក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង : មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ (ក្រុមទី២), ការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ, ការចុះបញ្ជីបន្ត និងការស្នើសុំលិខិតអនុញ្ញាតសាងសង់ស្ថិតក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងរយៈពេល ១៤ថ្ងៃចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។
ការសម្រេចផ្អាកជាបណ្តោះអាសន្នរបស់មន្ទីខាងលើនេះគឺដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ឆ្នាំង ដែលត្រូវបានអាជ្ញាធរខេត្តបានបិទជាបណ្តោះអាសន្ននូវអាហារដ្ឋានបូរី (ហាងកាហ្វេមីងកំប្លោក) ក្នុងភូមិសាស្ត្រភូមិធម្មយុត្តិ សង្កាត់បេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងកន្លងទៅនេះ៕