TOP NEWS: ខេត្តស្វាយរៀង ត្រូវបានកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដោយក្រសួងសុខាភិបាល
(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀងត្រូវកំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ដោយក្រសួងសុខាភិបាល ព្រោះហេតុថាភូមិសាស្រ្តខេត្តស្វាយរៀងមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលតម្រូវឱ្យអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
ក្រសួងសុខាភិបាល បានកំណត់ឲ្យភូមិសាស្ត្រខេត្តស្វាយរៀងអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងសុខាភិបាល បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចាត់វិធានការដើម្បីធានាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ហើយសូមសាធារណជនទាំងអស់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកាតព្វកិច្ចនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កាលពីថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញប្រកាសលេខ០៨១ ស.នក.ប្រក ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។ស្វាយរៀងជាតំបន់ទី៤ ដែលត្រូវបានក្រសួងសុខាភិបាល កំណត់ជាភូមិសាស្រ្តអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព បន្ទាប់ពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលស្ថិតនៅក្នុងហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩៕