
ការពង្រឹងពហុភាគីនិងការស្ដារសង្គមសេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩ជាបញ្ហាដែលកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកមកពិភាក្សា
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខ។ កិច្ចប្រជុំនេះត្រូវនឹងមានការចូលរួមពីថ្នាក់ដឹកនាំពីប្រទេសចំនួន ៥១ នៃសហភាពអឺរ៉ុប ប្រទេសពីតំបន់អាស៊ី អគ្គលេខាធិការសហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកិច្ចប្រជុំដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនឹងលើកយកពីតួនាទីរបស់កិច្ចប្រជុំអាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្ដោតលើសមិទ្ធផលដែលប្រឈម និងទិសដៅនៅពេលអនាគត ការធ្វើឱ្យដំណើរការឡើងវិញនូវដំណើរការពហុភាគីនិយម ដើម្បីសន្ដិភាព និងស្ថិរភាពសកល ជាមួយនឹងការពង្រឹងប្រព័ន្ធពាណិជ្ជកម្មការអភិវឌ្ឍដោយចីរភាព និងការលើកកម្ពស់ការចូលរួមទាំងអស់គ្នា ការតភ្ជាប់រវាងតំបន់ ការយកចិត្តទុកដាក់លើស្ត្រី សន្ដិភាព និងសន្ដិសុខ ព្រមទាំងការចូលរួមជាមួយគ្នាក្នុងការគិតគូរពីការប្រែប្រួលអាកាសធាតុផងដែរ។
បន្ថែមលើសពីនេះទៀតកិច្ចប្រជុំនេះក៏នឹងពិភាក្សាពីការស្ដារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពីជំងឺកូវីដ-១៩ផងដែរ។
ក្រសួងការបរទេសបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM13 ឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុងការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្មតាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ» ។
បើតាមក្រសួងការបរទេសក្រោយកិច្ចប្រជុំនេះ ASEM 13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ចំនួន៣ដែលរួមមាន សេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ សេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងឯកសារសកម្មភាពអនាគតស្ដីពីការតភ្ជាប់រវាងអាស៊ី-អឺរ៉ុបផងដែរ៕