កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

កម្ពុជា-ស៊ុយអ៊ែតបង្កើនល្បឿននៃកិច្ចសហការគាំទ្រដល់ការស្វែងរកការងារធ្វើដល់ជនមានពិការភាព

ភ្នំពេញ៖ ប្រទេសស៊ុយអ៊ែតសន្យាគាំទ្រថែមទៀតដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើតមជ្ឈមណ្ឌលការងារយ៉ាងតិច១ ឱ្យបានគ្រប់រាជធានី-ខេត្ត ទាំង២៥ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការសន្យានេះជាការបង្កើនល្បឿននៃកិច្ចគាំទ្ររបស់ប្រទេសស៊ុយអ៊ែតដល់ការស្វែងរកការងារធ្វើដល់ជនមានពិការភាពនៅកម្ពុជាក្រោមគម្រោង «ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជាការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព»។

រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានឱ្យដឹងថាក្នុងជំនួបរវាងលោក និងលេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា លោក Magnus Saemundsson ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ ដើម្បីពិភាក្សាពន្លឿនសហប្រតិបត្តិការលើគម្រោងខាងលើដែលរដ្ឋាភិបាលកម្ពុជា ប្រទេសស៊ុយអ៊ែត អង្គការក្រៅរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ រួមគ្នាបង្កើតកាលពីខែកញ្ញា ឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបានបន្ដថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញដើម្បីស្តារសេដ្ឋកិច្ចរបស់ជាតិឲ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្កលក្ខណៈឲ្យជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពល្អប្រសើរក្នុងគន្លងប្រក្រតីភាពថ្មី។ លោកបន្ថែមថា ក្នុងការបើកប្រទេសឡើងវិញការរៀបចំប្រព័ន្ធបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ដើម្បីកាត់បន្ថយការប្រមូលផ្ដុំ និងជួយដល់អ្នកបាត់បង់ការងារ អាចសម្ភាសន៍រកការងារថ្មីបានកាន់តែងាយស្រួលជាពិសេសជនមានពិការភាព។

លោករដ្ឋមន្ត្រីបានសរសេរលើហ្វេសបុកផេករបស់លោកថា៖ «ទាក់ទងទៅនឹងការងារជនពិការនេះដែរកម្ពុជាក៏មានច្បាប់ការពារជនពិការដែលច្បាប់នេះពិតជាមានសារសំខាន់ណាស់ដើម្បីគាំពារដល់ពួកគាត់។ ហើយមានបញ្ហាជាច្រើនទៀតដែលទាមទារឲ្យយើងត្រូវចូលរួមធ្វើការដោះស្រាយក្នុងការធ្វើសមារហណកម្មជនពិការទៅក្នុងសហគមន៍គឺផ្តល់ឱកាសការងារជូនដល់ពួកគាត់ឲ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះក៏បានធ្វើការកំណត់ផងដែរថាក្នុងការជ្រើសរើសជនពិការក្នុងការចូលបម្រើកិច្ចការងារនៅក្នុងសង្គមដោយរដ្ឋាភិបាលត្រូវបានកំណត់ចំនួន ២ភាគរយ ចំណែក ១ភាគរយនៅក្នុងសហគ្រាសឯកជន»។

បច្ចុប្បន្នកម្ពុជាបានរៀបចំដំណើរការស្វែងរកការងារតាមប្រព័ន្ធបច្ចេកវិទ្យាតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលអាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ដែលទទួលបានការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាល ស៊ុយអ៊ែត ផ្តល់បទពិសោធន៍ និងចំណេះដឹងមកដល់មន្ត្រីរបស់ទីភ្នាក់ងារ។ ព្រមជាមួយគ្នានោះកម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។

លេខាទី១ ស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា លោក Magnus Saemundsson បានបង្ហាញនូវការជឿជាក់លើគម្រោងដែលស៊ុយអ៊ែតបានជួយមកកម្ពុជានេះថាបានផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាពទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បីបំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់បម្រើឲ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។

លោកបានសន្យាថា ភាគីស៊ុយអ៊ែតនឹងបន្តខិតខំជួយគាំទ្រថែមទៀតដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការងារថែមទៀតឱ្យបានគ្រប់រាជធានី-ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារ១ ក្នុងមួយរាជធានី-ខេត្ត។

គម្រោង «ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជាការគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព» ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ដែលមានរយៈពេល២ឆ្នាំ ក្នុងគោលបំណងដើម្បីលើកកម្ពស់ទីផ្សារការងារសម្រាប់ជនគ្រប់រូបដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិការភាព ក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។ បច្ចុប្បន្នគម្រោងនេះបានជួយបង្កើតមជ្ឈមណ្ឌលការងារចំនួន ១៣ និងមជ្ឈមណ្ឌលការងារចល័តចំនួន ៣ផងដែរនៅទូទាំងប្រទេសកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក