កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីម្ដងទៀតបន្តតំណែងជានាយករដ្ឋមន្ត្រីរហូតដល់មនុស្សម្នាក់ចប់ដង្ហើមនយោបាយសិន ទើបសម្ដេចត្រួតត្រាយផ្លូវសម្រាប់មនុស្សជំនាន់ក្រោយ។ សម្ដេចតេជោ ប្រកាសបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាចិន ស្ទឹងត្រង់-ក្រូចឆ្មារ ក្នុងស្រុកក្រូចឆ្មារនៅព្រឹកនេះ។
សម្ដេចតេជោបានថ្លែងថា ៖ «តម្លៃណាក៏ដោយ ហ៊ុន សែន មិនអាចទទួលយកឱ្យបាត់សន្ដិភាពប្រទេសទេ! ទោះអូសបន្លាយប៉ុន្មានឆ្នាំទៀតក៏ដោយឱ្យតែប្រជាជនបោះឆ្នោតឱ្យ។ ទុកឱ្យខ្ញុំលេងជាមួយពួកអាជ្រុលនិយម។ [...] ខ្ញុំលេងលោកឯងឱ្យចប់សិនដើម្បីខ្ញុំត្រួសត្រាយផ្លូវដល់ក្មេងជំនាន់ក្រោយ»។
ទោះបីមិនបញ្ចេញឈ្មោះ តែសម្ដេចតេជោ ហាក់បីសំដៅទៅលើទណ្ឌិត សម រង្ស៉ី អាយុ៧៣ឆ្នាំ ដែលតែងតែងបង្កបញ្ហា និងបង្កើតព័ត៌មានក្លែងក្លាយប្រឆាំងនឹងការដឹកនាំរដ្ឋាភិបាល ក៏ដូចជាបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោបញ្ជាក់បន្ថែមថា៖ «អញ្ចឹងបានខ្ញុំនៅតែបន្តនូវបេសកកម្មលុបបំបាត់នូវភាពជ្រុលនិយម របស់មនុស្សមួយចំនួនដើម្បីធានានូវសន្តិភាពសម្រាប់កម្ពុជាអភិវឌ្ឍនៅពេលអនាគត »។
នៅថ្ងៃនេះសម្ដេចក៏បាននិយាយអំពីក្រុមប្រឆាំងនៅក្រៅប្រទេសដែលដឹកនាំដោយ សម រង្ស៊ី ដែលប្រើប្រាស់ព័ត៌មានថារដ្ឋាភិបាលអាមេរិកនឹងដកសញ្ជាតិអាមេរិកពីអ្នកនៅគាំទ្ររដ្ឋាភិបាលកម្ពុជាដែលរស់នៅអាមេរិក។
សម្ដេចចាត់ទុកជារឿងដែលហួសចិត្ត និងជំរុញដល់អ្នកគាំទ្រគណបក្សប្រជាជននៅសហរដ្ឋអាមេរិកធ្វើការតវ៉ានិងសួរដល់ថ្នាក់ដឹកនាំក៏ដូចជាសភាអាមេរិកអំពីការលើកឡើងនេះផងដែរ។
សម្ដេចតេជោថា៖ «នាំគ្នាធ្វើបាតុកម្មនៅអាមេរិកមើលថាដកអត់ បើដកស្រួលវិចបង្វិចមក (កម្ពុជា)។ [...] បើអាមេរិកដកសញ្ជាតិគ្រាន់តែប៉ុណ្ណឹងអាមេរិកមិនមែនជាប្រទេសប្រជាធិបតេយ្យទេ អ្នកខ្លះមិនមែនជាជនជាតិអាមេរិកទៅទៀតទៅគំរាមដកជាតិខ្មែរពីសញ្ជាតិអាមេរិកទៀត»។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អាយុ ៦៩ឆ្នាំ សម្ដេចកាន់តំណែងដំបូងជា រដ្ឋមន្ត្រីការបរទេសនៅឆ្នាំ១៩៧៩ ក្នុងវ័យ ២៧ឆ្នាំ និងក្លាយជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាពីឆ្នាំ១៩៨៥ ដល់បច្ចុប្បន្ន។ សម្ដេចត្រូវបានមហាសន្និបាតសន្ដិភាពពិភពលោក កាលពីខែកញ្ញា ឆ្នាំ២០២១ ផ្ដល់មេដាយមាសសន្តិភាព ដោយសារសម្ដេចតេជោ បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្ដិភាព៕












PHOTO: SARY

