ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ប្រទេសចិនឱ្យបើកដំណើរការច្រកចេញចូលរវាងចិន-អាស៊ានឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេដ្ឋកិច្ច និងការវិនិយោគឡើ់ងវិញ។ សម្ដេចតេជោបានថ្លែងបែបនេះក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុសស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដែលមានថ្នាក់ដឹកនាំអាស៊ានទាំង១០ប្រទេសជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយអបអរសាទដល់ប្រទេសចិនដែលស្ដារ និងជំរុញនូវកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញឆាប់រហ័សក្នុងរយៈពេល៩ខែក្នុងឆ្នាំ២០២១ និងបានវាយតម្លៃខ្ពស់នូវសកម្មភាពយ៉ាងសកម្មរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងសកលលោក។
សម្ដេចតេជោ បានជំរុញបន្ថែមដល់ប្រទេសក្នុងជួយគាំទ្រដល់អាស៊ានបន្ថែមទៀតក្នុងការស្ដាឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន និងគំនិតផ្ដួចផ្ដើមនានាក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ផងដែរ។
សម្ដេចតេជោបានថ្លែងថា៖ «ក្នុងពេលចំពោះមុខ កម្ពុជាសូមលើកទឹកចិត្តឱ្យចិនបើកការធ្វើដំណើរចេញចូល-ប្រទែស រវាងតំបន់ទាំងពីរអាស៊ាន-ចិន ឡើងវិញ សំដៅពង្រឹង និងលើកស្ទួយនូវវិស័យទេសចរណ៍ សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស សកម្មភាពធុរកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ» ។
ជាមួយគ្នានេះសម្ដេចតេជោក៏លើកទឹកចិត្តឱ្យអាស៊ាន-ចិន បន្តពង្រឹងការតភ្ជាប់តំបន់ និងគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរវាងប្រទសក្នុងអាស៊ាន និងចិនផងដែរ ដើម្បីបង្កើននូវសក្ដានុពលសេដ្ឋកិច្ចរវាងតំបន់ទាំងពីរឱ្យកាន់តែខ្លាំងក្លា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថាទំនាក់ទំនងរវាងអាស៊ាន និងចិននៅពេលនេះបានក្លាយជាទំនាក់ទំនងមួយ ដែលកាន់តែសំខាន់ និងចាំបាច់ មានអត្ថន័យធំធេង និងប្រកបដោយផ្លែផ្កាសម្រាប់តំបន់ទាំងពីរក៏ដូចជាពិភពលោកទាំងមូលជាពិសេសក្នុងបរិការណ៍នៃការស្ដារ និងជំរុញកំណើនសង្គម-សេដ្ឋកិច្ចឡើងវិញក្នុងបរិបទនៃជំងឺកូវីដ-១៩៕