រាជរដ្ឋាភិបាលកែសម្រួលសមាសភាពគណៈកម្មការនិងអនុគណៈកម្មការ ផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក ហ៊ឹម សុទិត្យា ជារដ្ឋលេខាធិការក្រសួងព័ត៌មាននិងដឹកនាំការងារថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បន្តពីលោក ម៉ៅ អាយុទ្ធ ដែលបានទទួលមរណភាព។
ព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាត់តែងតាំងលោក ហ៊ឹម សុទិត្យា ជារដ្ឋលេខាធិការក្រសួងព័ត៌មាន តាមការទូលថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។
ក្រោយការតែងតាំងមួយថ្ងៃ លោក ហ៊ឹម សុទិត្យា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន តាំងតាំងជាប្រធានគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បន្តពីលោក ម៉ៅ អាយុទ្ធ ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈកម្មាការ និងអនុគណៈកម្មការផលិតភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការ និងអនុគណៈកម្មាការផលិតភាពយន្តភាគរឿង «កូនប្រុសក្រុមពន្លឺព្រះចន្ទពេញបូណ៌មី» កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ដើម្បីបង្ហាញពីប្រវត្តិសាស្ត្រក៏ដូចជាប្រវត្តិរបស់សម្ដេចតេជោផងដែរ បន្ទាប់ពីជោគជ័យក្នុងការផលិតជាល្ខោននិយាយកាលពីឆ្នាំកន្លងទៅ៕