បន្ទាយមានជ័យ៖ ពលរដ្ឋរាប់ពាន់នាក់បានចូលរួមទស្សនាការប្រណាំងទូកង ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីអុំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២១នេះ ក្នុងនោះមានទូក ង ចំនួន១៤ទូក (ស្មើ៧គូរ) ចំណុះ២២នាក់ បានចូលរួមប្រណាំងនៅដងស្ទឹងសិរីសោភ័ណ បរិវេណវត្តអង្គាបុស្ប ដែលមានការរៀបចំឡើងដោយព្រះគ្រូចៅអធិកាវត្តពោធ្យារាមអង្គាបុស្ប ព្រះតេជគុណ សួង វិរៈ។
ការប្រារព្ធការប្រណាំងទូកនេះធ្វើឡើងតែមួយថ្ងៃនៅសៀលថ្ងៃទី១៨ ខែវិច្ឆិកា ចំពេលថ្ងៃបុណ្យព្រះរាជពិធីអុំទូក អកអំបុក និងសំពះព្រះខែ ដោយមានការចូលរួមប្រកួតពីទូកដែលធ្លាប់ប្រណាំងនៅថ្នាក់ខេត្ត។
ពលរដ្ឋដែលចូលរួម ទស្សនាបានសម្តែងនូវក្តីសប្បាយរីករាយនៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងក៏ដូចអនុញ្ញាតឱ្យមានការរៀបចំពិធីផ្សេងៗដោយអនុវត្តន៍តាមវិធានសុខាភិបាល។
លទ្ធផលនៃការប្រណាំងលេខ១បានទៅលើទូក ង សុវណ្ណគង្គាមានជ័យបារមីវត្តអង្គាបុស្ប លេខ២ បានលើទូកមហាសាលមានជ័យបារមីអង្គាបុស្ប និងលេខ៣ បានលើទូកពោធិសាត់សែនជ័យបារមីឧកញ៉ា ឃ្លាំង មឿង៕