សម្ដេចតេជោ សរសើរអ្នកជួយនិពន្ធបទ «ទឹកភ្នែកចៅស្រក់មិនចេញសំឡេង» និងបញ្ជូនឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បង
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទទួលយកការនិពន្ធរបស់ម្ចាស់គណនី SamNeth Chan ដែលបានចូលទៅសរសេរក្នុង comment ហ្វេសបុកផេករបស់សម្ដេច និងបញ្ជូនទៅឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បង បន្ទាប់ពីសម្ដេចស្នើឱ្យអ្នកនិពន្ធតែងបទមួយដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ»។
នៅព្រឹកនេះសម្ដេចតេជោ បានបង្ហោះរូបភាពចំនួន១០សន្លឹក រវាងសម្ដេចតេជោ និងចៅស្រីទី២១ របស់សម្ដេច ដែលអន់ចិត្តតែសុខចិត្តសម្រក់ទឹកភ្នែកដោយមិនយំឱ្យឮនិងបានប្រកាសឱ្យអ្នកនិពន្ធ និពន្ធបទមួយដែលមានចំណងជើងថា «ស្រក់ទឹកភ្នែកតែមិនយំ» ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុកផេករបស់សម្ដេចនៅព្រឹកថ្ងៃទី១៩ នេះថា៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀតដឹកចៅដើរលេង។ ចៅស្រីទី២១ មិនដឹងថាអន់ចិត្តរឿងអីបានជាស្រក់ទឹកភ្នែក។ ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱយឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែលមានចំណងជើង (ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ? បើមិនទាន់មានទេសូមជួយនិពន្ធមួយបទផង»។
ប្រហែលជាមួយម៉ោងក្រោយមកមានម្ចាស់គណនីហ្វេសបុកឈ្មោះ SamNeth Chan បានចូលទៅបញ្ចេញយោបល់នូវការតែងនិពន្ធមួយដែលលោកដាក់ចំណងជើងថា ទឹកភ្នេកចៅស្រក់មិនចេញសំឡេង ដែលមានអត្ថន័យថាការស្រក់ទឹកភ្នែករបស់ចៅគឺដោយសារអាណិតលោកតាដែលបានលះបង់ខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ និងចង់ជួយរំលែកការងាររបស់តាតែមិនអាចជួយបានដោយសារខ្លួននៅតូច។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរនូវការតែងនិពន្ធនេះ ហើយថានឹងបញ្ជូនឱ្យក្រុមចម្រៀងគ្រួសារខ្មែរច្រៀងសាកល្បងផងដែរ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មកដល់ពេលនេះមានចៅសរុប ២២នាក់ ក្នុងនោះចៅប្រុស ១២នាក់ ចៅស្រី ១០នាក់។ ជារឿយៗសម្ដេចតែងតែបង្ហាញអារម្មណ៍នឹងចៅនិងបានសរសេរបង្ហោះលើហ្វេសបុកផងដែរនូវអារម្មណ៍ទាំងនេះក្នុងនោះក៏បានលើកឡើងនូវពាក្យចាស់មួយផងដែរថា៖ «ស្រឡាញ់កូនមួយតៅស្រឡាញ់ចៅមួយថាំង» ៕