ពលករខ្មែរម្នាក់បានដាច់ខ្យល់ស្លាប់ក្នុងពេលមុជទឹករកគ្រុំនៅបាតសមុទ្រដែលមានជម្រៅជ្រៅ ស្រាប់តែម៉ាស៉ីនផ្លុំខ្យល់អុកស៊ីសែនដែលនៅលើទូករលត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២ រសៀលថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០២១ នៅចំណុចលើផ្ទៃទឹកសមុទ្រស្ថិតក្នុងក្រុងផាត់ ខេត្តឈុនបុរី ប្រទេសថៃ ដែលបណ្តាលអោយពលករខ្មែរម្នាក់ឈ្មោះ ឡុង សារៀង ភេទប្រុស អាយុ៤១ឆ្នាំស្លាប់។
ពលករខ្មែរម្នាក់ឈ្មោះ ពេជ្រ កុមារ ភេទប្រុស អាយុ៣៧ឆ្នាំ បានរៀបរាប់ថា នៅមុនពេលកើតហេតុវេលាម៉ោង១០ព្រឹកពួកគេទាំង២នាក់បានចេញទូកទៅតំបន់សមុទ្រជ្រៅ ដើម្បីរកគ្រុំនិងរបស់ផ្សេងៗទៀតនៅក្នុងបាតសមុទ្រ ដែលទីនោះមានជម្រៅប្រហែល៧ម៉ែត្រ។
លោក និងលោក ឡុង សារៀង បានមុជទៅបាតសមុទ្រដោយប្រើប្រាស់ខ្សែទម្លាក់ចេញពីទូក និងបំពាក់ទុយោខ្យល់អុកស៊ីសែនបញ្ជូនខ្យល់តាមរយ:ម៉ាស៊ីននៅលើទូកខណ:ដែលអ្នកទាំងពីរមុជដល់បាតទឹកស្រាប់តែម៉ាស៊ីននៅខាងលើទូករលត់ធ្វើឱ្យពួកគេលែងមានខ្យល់ដកដង្ហើម។
លោក កុមារ បានឱ្យដឹងថាក្រោយពេលដឹងថាអស់ខ្យល់អុកស៊ីសែនលោកបានទាញខ្សែដែលចងជាប់ទូកស្ទុះឡើងមកលើផ្ទៃទឹក ដោយឡែកជនរងគ្រោះដែលស្លាប់គឺគេមិនបានទាញខ្សែឡើងទេដោយសារគាត់ធាក់ដីស្ទុះហែលឡើងដោយមិនទាញខ្សែ។ ក្រោយពីបានឡើងលើទូក លោក កុមារ បានហែលចុះទៅរកជនរងគ្រោះក៏ឃើញគាត់ដាច់ខ្យល់ស្លាប់ទៅហើយ នឹងបានទាញសពដាក់លើទូកនាំយកមកកាន់ច្រាំងហើយរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបានចុះមកនិងនាំយកសពទៅពិនិត្យធ្វើកោសល្យវិច័យនៅឯមន្ទីរពេទ្យបន្ថែមទៀត បន្ទាប់ពីបានពិនិត្យឃើញថាសពជនរងគ្រោះគ្មានស្លាកស្នាមណាមួយពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ៕