ខេត្តប៉ៃលិន ៖ ក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តប៉ៃលិនបានចុះស្រាវជ្រាវល្អាងរូងភ្នំបុរាណនានាក្នុងខេត្តប៉ៃលិន ដើម្បីជ្រើសរើសជាតំបន់អភិរក្សក៏ដូចជាកែច្នៃឱ្យទៅជាកន្លែងទេសចរណ៍ផងដែរ។
អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តប៉ៃលិន លោក អ៉ី លីឈុន បានឱ្យដឹងថាអស់រយៈពេលជាង១ខែហើយដែលក្រុមការងារមន្ទីរបានចុះប្រមូលទិន្នន័យនិងស្ថានភាពនៃរូងភ្នំក្នុងខេត្តប៉ៃលិន ដើម្បីជ្រើសរើសយករូងភ្នំដែលមានលក្ខណៈអំណោយផលផ្នែទេសចរណ៍ដើម្បីអភិវឌ្ឍន៍ជាទីតាំងទេសចរណ៍ក្នុងខេត្តតែម្ដង។
លោកបន្តទៀតថា រហូតមកដល់ពេលនេះក្រុមការងារលោកបានចុះស្រាវជ្រាវល្អាងភ្នំចំនួន៦ទីតាំងហើយ ដែលមានស្ថានីយ៍បុរាណបឹងក្ងោក ជាទីទួលកប់សពបុរាណមានអាយុកាលប្រមាណជាង២០០០ឆ្នាំ ល្អាងរូងភ្នំព្រះឥន្ទ្រលក់លត ល្អាងរូងភ្នំបាយសី ល្អាងរូងភ្នំស្ពង់ ល្អាងរូងភ្នំកុយ និងល្អាងរូងភ្នំស្រង់។
លោកបញ្ជាក់ទៀតថា ក្រោយពីបានចុះសិក្សាទាំង៦ទីតាំងខាងលើ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសង្កេតឃើញថាមានល្អាងរូងភ្នំខ្លះ អាចបង្កើតទៅជារមណីយដ្ឋានទេសចរណ៍ បែបធម្មជាតិ និងខ្លះទៀតអាចបង្កើតទៅជាកន្លែងរមណីយដ្ឋានបែបគោរពបូជាបួងសួងបន់ស្រន់ ដុតធូប ទៀន សែនព្រេនជាដើម។ លើសពីនេះមន្ទីរកំពុងធ្វើការស្រាវជ្រាវបន្តបន្ទាប់ទៀតដើម្បីកត់ត្រាទុករួចរាយការណ៍ទៅថ្នាក់ខេត្ត ដើម្បីកំណត់ព្រំប្រទល់និងធ្វើការអភិវឌ្ឍតំបន់ទាំងអស់ខាងលើនាពេលអនាគតខាងមុខ៕