ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជូនដំណឹងដល់ប្រធានមន្ទីរវប្បធម៌តាមបណ្ដាខេត្ត ម្ចាស់រោងសម្ដែងសិល្បៈ ម្ចាស់រោងភាពយន្ត និងសាធារណជនថាចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសម្រេចឱ្យអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនូវការចូលទស្សនាសារមន្ទីរ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ នៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។
ក្រសួងក៏បានជំរុញដល់ម្ចាស់រោងភាពយន្ត ម្ចាស់រោងសម្ដែងសិល្បៈ និងសារមន្ទីរទាំងអស់ឱ្យគោរពនូវគោលការណ៍ស្ដង់ដារប្រតិបត្តិក្នុងការបើកឱ្យសាធារណជនចូលទស្សនានេះផងដែរ។
ការអនុញ្ញាតឱ្យបើកដល់អាជីវកម្មទាំងនេះគឺស្របពេលដែលកម្ពុជានឹងឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូកចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២១។
កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ពលរដ្ឋឱ្យចេញដើរកម្សាន្តក្នុងឱកាសឈប់សម្រាកបុណ្យអុំទូកខាងមុខនេះ បន្ទាប់ពីកម្ពុជាបានបង្កើនភាពស៊ាំទៅនឹងជំងឺកូវីដ-១៩កាន់តែល្អប្រសើរ និងទទួលបានលទ្ធផលវិជ្ជមានក្រោយសាកល្បងឱ្យពលរដ្ឋចេញដើរក្នុងថ្ងៃបុណ្យភ្ជុំកាលពីដើមខែតុលា៕