លោកមេធាវី គី តិច៖ កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តិល្មើសច្បាប់
ភ្នំពេញ៖ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលលោក គី តិច បានបញ្ជាក់នៅថ្ងៃទី១៧ ខែវិច្ឆិកានេះថាការសម្រេចលក់ផ្ទះរបស់លោក សម រង្ស៊ី គឺជាការអនុវត្តន៍ច្បាប់របស់តុលាការកម្ពុជាដោយមិនជាប់ពាក់ព័ន្ធនឹងរឿងនយោបាយនោះទេតែដោយសារការប្រព្រឹត្តិទោសរបស់បុគ្គលសម រង្ស៊ី តែម្ដង។ លោកក៏បានឱ្យដឹងដែរថា ការរឹបអូសនិងដាក់លក់ទ្រព្យសម្បត្តិរបស់ពិរុទ្ធជនឬកូនបំណុល តាមផ្លូវតុលាការ ជានីតិវិធីអនុវត្តជាប្រក្រតីលើគ្រប់បុគ្គលដែលមានកាតព្វកិច្ចសងសំណងរដ្ឋប្បវេណីមិនមែនអនុវត្តចំពោះ សម រង្ស៊ី និងជូឡុង សូមូរ៉ា នោះទេ។
លោក គី តិច បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលថា៖ «កម្ពុជាគ្មានទេអ្នកទោសនយោបាយ ប៉ុន្តែមានអ្នកនយោបាយជាប់ទោស ដោយសារប្រព្រឹត្តល្មើសច្បាប់។ ជនដែលប្រព្រឹត្តល្មើសច្បាប់ ត្រូវទទួលទោស និងទណ្ឌកម្ម តាមការកំណត់នៃច្បាប់។ ការអនុវត្តទោសទណ្ឌ តាមសេចក្ដីសម្រេចរបស់តុលាការ ដែលបានឆ្លងកាត់ដំណើរការនីតិវិធីតាមផ្លូវច្បាប់ និងក្លាយជាសេចក្ដីសម្រេចស្ថាពររួចហើយនោះ ជានិយាមអនុវត្តទូទៅ និងជាប្រក្រតី នៅគ្រប់បណ្តាប្រទេសដែលប្រកាន់យកនីតិរដ្ឋ» ។
សេចក្ដីថ្លែងការណ៍របស់ក្រុមមេធាវីរាជរដ្ឋាភិបាលបានធ្វើឡើងនៅថ្ងៃនេះបន្ទាប់ពី តុលាការសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាសម្រេចដាក់លក់ដោយបង្ខំនូវផ្ទះរបស់លោក សម រង្ស៊ី ដែលជាអតីតស្នាក់ការបក្សសង្គ្រោះជាតិផងដែរ ដែលស្ថិតនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកទៅសងប្រធានរដ្ឋសភាសម្ដេចពញាចក្រី ហេង សំរិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង និងរាជររដ្ឋាភិបាល។
ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលលោកមេធាវី គី តិច បានបញ្ជាក់ក្នុងលិខិតបន្ថែមថា បើទោះបីជាផ្ទះដែលត្រូវបង្ខំលក់នេះជាអតីតស្នាក់ការគណបក្សនយោបាយក្ដី តែវាជាកម្មសិទ្ធិឯកជនរបស់ពិរុទ្ធជន សម រង្ស៊ី និង ជូឡុង សូមូរ៉ា ដែលត្រូវមានកាតាព្វកិច្ចសងសំណងរដ្ឋប្បវេណីតាមអំណាចនៃសេចក្ដីសម្រេចស្ថាពររបស់តុលាការ ហើយមិនបានសងសំណងនោះដោយស្ម័គ្រចិត្ត។
លោកបានបញ្ជាក់ថា៖ «នៅពេលដែលបុគ្គលណាម្នាក់ ប្រព្រឹត្តអំពើដែលជាបទល្មើសព្រហ្មទណ្ឌ ច្បាប់ព្រហ្មទណ្ឌកម្ពុជាកំណត់ចែង នូវទោសដាក់ពន្ធនាគារ និងទោសពិន័យជាប្រាក់ជាអាទិ៍ ដែលជាលទ្ធផលនៃបណ្ដឹងអាជ្ញា និងទណ្ឌកម្មសំណងផ្នែក រដ្ឋប្បវេណី ដែលជាលទ្ធផលនៃបណ្តឹងរដ្ឋប្បវេណី ដើម្បីជួសជុលការខូចខាតរបស់ជនរងគ្រោះដែលបណ្តាលមកពីអំពើល្មើសនោះ។ ប្រសិនបើពិរុទ្ធជន មិនអនុវត្តសងសំណងជួសជុលការខូចខាតដល់ដើមបណ្តឹងដោយស្ម័គ្រចិត្តទេ ដើមបណ្ដឹងមានសិទ្ធិសុំឱ្យតុលាការ រឹបអូសទ្រព្យសម្បត្តិរបស់ពិរុទ្ធជនយកទៅលក់ឡៃឡុង ដើម្បីយកប្រាក់មកសងសំណងទៅតាមការកំណត់នៃសាលក្រម ឬសាលដីកា ដែលបានចូលជាស្ថាពរ ឬដែលមានអានុភាពអនុវត្តដោយបង្ខំ បើទោះបីជាពិរុទ្ធជនបានគេចខ្លួន មិនទាន់អាចឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តទោសព្រហ្មទណ្ឌលើបុគ្គលនោះក្តី» ។
លោក គី តិច បញ្ជាក់ថានៅពេលដែលនីតិវិធីលក់ដោយបង្ខំត្រូវបានអនុវត្តចប់រួចរាល់ ផ្ទះនេះនឹងក្លាយជាកម្មសិទ្ធិរបស់អ្នកទិញដែលបានដេញថ្លៃទិញពីតុលាការហើយ សម រង្ស៊ី និងប្រពន្ធ ឬជនណាក៏ដោយគ្មានសិទ្ធិទទួលបានអចលនវត្ថុនេះវិញឡើយ។
យោងតាម«ដីកាសម្រេចចាប់ផ្ដើមលក់ដោយបង្ខំ»ដោយចៅក្រមអនុវត្តសាលាដំបូងរាធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ចំនួន៤សន្លឹកយកទៅបិទមុខផ្ទះលោក សម រង្ស៊ី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថាការសម្រេចដាក់លក់ដោយបង្ខំលើផ្ទះពិរុទ្ធជន សម រង្ស៊ី នេះគឺដើម្បីយកសំណងមកសងតាមដីការស្ថាពរចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាកំពូលដែលសម្រេចឱ្យលោកសម រង្ស៊ី សងជំងឺចិត្តដល់សម្ដេចពញាចក្រី ហេង សំរិន ចំនួន២៥០លានរៀល ដីកាស្ថាពររបស់តុលាការកំពូលចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចតេជោ ហ៊ុន សែន ចំនួន ៤ពាន់លានរៀល សាលក្រមព្រហ្មទណ្ឌស្ថាពររបស់សាលាដំបូងរាជធានីភ្នំពេញចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ដែលសម្រេចឱ្យសងជំងឺចិត្តដល់សម្ដេចក្រឡាហោម ស ខេង ចំនួន២ពាន់លានរៀល និងសាលក្រមព្រហ្មទណ្ឌស្ថាពរចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលសម្រេចឱ្យសងដល់រាជរដ្ឋាភិបាលចំនួន ១៨០០លានរៀល។
បើសរុបសំណងទាំងបួនខាងលើទឹកប្រាក់ដែលលោក សម រង្ស៊ី ត្រូវសងមានចំនួន ៨ពាន់៥០លានរៀល ឬប្រមាណ២លាន១ម៉ឺន២ពាន់៥រយដុល្លារអាមេរិក (២ ០១២ ៥០០ ដុល្លារអាមេរិក)៕