ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជំរុញពលរដ្ឋបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ទោះបីស្ថានភាពនៃជំងឺក្នុងប្រទេសបានធូរស្រាលក៏ដោយ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានជំរុញដល់ពលរដ្ឋឱ្យរក្សាអនាម័យ និងការពារខ្លួនឱ្យបានគ្រប់គ្នាដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ដោយថាត្រូវប្រុងប្រយ័ត្នពីជំងឺនេះជានិច្ចបើទោះបីជាស្ថានភាពនៃជំងឺបានធូរស្រាលក្ដី។
ក្នុងឱកាសនាំយកអំណោយមូលនិធិឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចែកជូនពលរដ្ឋ១១១គ្រួសារ នៅស្រុកកំពង់រោទិ៍ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថារាជរដ្ឋាភិបាលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋជាសំខាន់។ ការចែកអំណោយនាថ្ងៃនេះទៀតសោតគឺជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងភរិយា ចែកជូនពលរដ្ឋទីទាល់ក្រដែលជាការលើកទឹកចិត្ត និងគិតគូរដល់ពលរដ្ឋក្នុងពេលដែលពួកគេជួបការលំបាក។
អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋ ១១១គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខ២យួរ ទឹកសុទ្ធ១យួរ ម៉ាស់២ប្រអប់ នំប័ង និងថវិកា៥ម៉ឺនរៀល។
លោកស្រីបានបញ្ជាក់ទៀតថាក្នុងស្ថានភាពដែលជំងឺកូវីដ-១៩បានធូរស្រាលពីក្នុងប្រទេសក្ដី តែជំងឺនេះនៅតែជាក្ដីបារម្ភរបស់រាជរដ្ឋាភិបាលដដែល។ លោកស្រីជំរុញដល់ពលរដ្ឋទាំងអស់បន្តរក្សាអនាម័យ និងអនុវត្តន៍វិធានការ «៣កាពារនិង៣កុំ» ឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ បើទោះបីជាស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺនិងអ្នកស្លាប់នៅក្នុងប្រទេសមានការថយចុះយ៉ាងណាក៏ដោយ។
ស្ថានភាពនៃជំងឺកូវីដ-១៩ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នបានធ្លាក់ចុះពីជាង៤០០ទៅ៥០០ករណី មកនៅត្រឹមចន្លោះពី៤០ ទៅ៦០ករណីក្នុង១ថ្ងៃ ការថយចុះនេះមកពីភាពជោគជ័យនៃយុទ្ធនាការចាក់វ៉ាក់សាំង និងការចូលរួមរបស់ពលរដ្ឋក្នុងការពារជំងឺ។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ពលរដ្ឋកុំក្លាហានពេក និងកុំភ័យខ្លាចពេកនៃជំងឺកូវីដ-១៩ តែត្រូវបន្តរក្សាវិធានអនាម័យ និងវិធានការ ៣ការពារនិង៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕