BREAKING NEWS: កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ឯកភាពយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ ហើយធន់ទៅនឹងវិបត្តិដែលនឹងអាចកើតមាននាពេលក្រោយ
ភ្នំពេញ៖ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ តាមប្រព័ន្ធវីដេអូ បានបញ្ចប់ប្រកបដោយជោគជ័យ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) បានឯកភាព និងគាំទ្រដល់យុទ្ធសាស្ត្រសំខាន់និងអាទិភាពដើម្បីស្ដារសេដ្ឋកិច្ចសង្គមឱ្យ ងើបឡើងវិញប្រកបដោយបរិយាប័ន្ន រឹងមាំ ហើយធន់ទៅនឹងវិបត្តិ ដែលនឹងអាចកើតមាននាពេលក្រោយទៀត ដែលក្នុងនោះកត្តាអាទិភាពនិងចំពោះមុខគឺការចាក់វ៉ាក់សាំងសំដៅធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋយើងទាំងអស់បានចាក់វ៉ាកសាំងគ្រប់គ្នា។ អង្គប្រជុំក៏បានឆ្លុះបញ្ចាំងផងដែរនូវសារៈសំខាន់នៃពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការជាអន្តរជាតិ និងភាពជាដៃគូរកាន់តែទូលំទូលាយរវាងតំបន់ទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់មួយចំនួនដូចជា ការអភិវឌ្ឍបៃតង វិស័យបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់តំបន់ និងប្រព័ន្ធសុខាភិបាលជាដើម។
ប្រធានរដ្ឋសភាកម្ពុជានិងជាសហប្រធានកិច្ចប្រជុំភាពជាដៃគូ សភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) សម្ដេចចក្រី ហេង សំរិន បានចាត់ទុកកិច្ចប្រជុំនេះគឺបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរវាងតំបន់អាស៊ីនិងអឺរ៉ុប ក្នុងការថែរក្សាសន្តិភាព ការជួយជំរុញលើកកម្ពស់ពហុភាគីនិយម និងការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហានិងការបន្តគាំទ្រនូវគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ដែលមានគោលបំណងក្នុងការថែរក្សាសុខសន្តិភាពជាសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ។
សម្ដេចចក្រី ហេង សំរិន បានគូសបញ្ជាក់ថាការផ្លាស់ប្ដូរមតិយោបល់ទស្សនៈរវាងគ្នាទៅវិញទៅមកយ៉ាងផុលផុសនិងសកម្មសំដៅពង្រឹងការទូតសភានិងភាពជាដៃគូដើម្បីដោះស្រាយបញ្ហាសកលនានា រួមមានបញ្ហាសន្តិភាពនិងសន្តិសុខ, ភេរវកម្ម, ការប្រកួតប្រជែងពាណិជ្ជកម្មនិង បច្ចេកវិទ្យា, ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ និងជាពិសេសអន្តរកម្មនៃសន្តិសុខស្បៀង ទឹក និងថាមពល, និងវិសមភាពសង្គមនិងយេនឌ័រ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង ដោយមិនខ្លាចនឿយហត់ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហារួមនៃតំបន់ទាំងពីរ ក៏ដូចជាពិភពលោកទាំងមូល។
សម្តេចចក្រី ហេង សំរិន បានចាត់ទុកសេចក្តីប្រកាសអាសឹប១១ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយអង្គមហាសន្និបាតពេញអង្គលើកទី២នេះ គឺជាឯកសារលទ្ធផលគន្លឹះតែមួយគត់នៃកិច្ចប្រជុំដែលនឹងត្រូវបង្ហាញជូនដល់មេដឹកនាំនៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (អាសឹម១៣) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ខាងមុខនូវសារពិសេសរបស់ប្រជាពលរដ្ឋដើម្បីពិនិត្យពិចារណា និងយកទៅប្រតិបត្តិ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាជននៃតំបន់ទាំងពីរ៕