ភ្នំពេញ៖ កីឡាការិនី អ៊ុក ស្រីមុំ ដែលឈ្នះមេដាយមាសពិភពលោកកីឡាប៊ូល ប៉េតង់ វិញ្ញាសារវាយយកពិន្ទុនៅអេស្ប៉ាញ បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយនៅរសៀលម៉ោង៦ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ការត្រលប់មករបស់កីឡាការិនី អ៊ុក ស្រីមុំ នៅថ្ងៃនេះមានការទទួលយ៉ាងអធិកអធមពីព្រលានយន្តហោះពោធិចិនតុងរាជធានីភ្នំពេញ ដោយមានក្បួនឡាននិងម៉ូតូផ្លូវការអមជាច្រើនរហូតមកដល់ទីស្តីការក្រសួងអប់រំនៅជិតព្រះបរមរាជវាំង។
នេះជាលើកទី២ហើយដែល កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានមេដាយមាស កីឡាប៉េតង់ពិភពលោក បន្ទាប់ពីឈ្នះការប្រកួតប៉េតង់ពិភពលោកនៅទីក្រុង GHENT ប្រទេសប៊ែលហ្សិកក្នុងឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ ហ្វេសបុកផេករបស់សម្ដេចនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកាថា កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានយកឈ្នះ កីឡាការិនីថៃនៅវគ្គផ្តាច់ព្រ័ត្រនៅក្នុងការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស៉្បាញ៕