វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សហប្រធានកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបលើកទី១១៖ «សង្រ្គាមអាចនឹងកើតឡើងដោយងាយនិងឆាប់រហ័ស ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោយងាយស្រួលនោះបានទេ»

ភ្នំពេញ៖ សហប្រធានកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបលើកទី១១ សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលភាពជាដៃគូរសភាអាស៊ី-អឺរ៉ុបនៅថ្ងៃនេះថា សន្ដិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍នៃប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល។

សម្ដេចពញាចក្រី ហេង សំរិន បានថ្លែងថា៖ «សង្រ្គាមអាចនឹងកើតឡើងដោយងាយនិងឆាប់រហ័ស ក៏ប៉ុន្តែវាមិនអាចបញ្ចប់បានដោយងាយស្រួលនោះបានទេ ជាអាទិ៍ សង្គ្រាមនៅអាហ្វហ្គានីស្តាន អ៊ីរ៉ាក់ ស៊ីរ៉ី តំបន់ទីក្រេ ជាដើម។ ក្នុងនាមជាប្រជាជាតិមួយដែលធ្លាប់ឆ្លងកាត់សង្រ្គាម កម្ពុជាសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះប្រជាជននៃប្រទេសទាំងនោះដែលកំពុងរងទុក្ខវេទនាគ្រប់បែបយ៉ាងដោយសារសង្រ្គាម និងសូមបួងសួងឱ្យវិបត្តិនិងសោកនាដកម្មដ៏អាក្រក់នេះផុតរលត់ពីភពផែនដី» ។

បើទោះបីតំបន់អាស៊ី និងអឺរ៉ុបនៅក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តែសម្ដេចពញាចក្រី ហេង សំរិន បានកត់សម្គាល់ថាតំបន់ទាំងពីរនៅតែជួបបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

ផលប៉ះពាល់ទាំងនោះគឺ ជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្មនិងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាចដែលអាចបង្ករឱ្យមានសង្រ្គាមក្នុងរូបភាពណាមួយ ដែលតម្រូវឱ្យសភាអាស៊ី និងអឺរ៉ុប លើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព។

សម្ដេចពញាចក្រីបានលើកឡើងពីយន្តការ «ការទូតសភា» ដែលរួមមាន ការទូតបង្ការជម្លោះ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហា និងលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង។

ក្រៅពីការលើកឡើងពីបញ្ហាសន្ដិភាពដែលត្រូវរក្សាឱ្យបានក្នុងតំបន់ទាំងពីរនោះ សម្ដេចពញាចក្រី ក៏បានជំរុញដល់សភាអាស៊ី និងអឺរ៉ុបគិតគូរធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចក្នុងតំបន់ទាំងពីរងើបឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩ និងចូលរួមគ្នាដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុផងដែរ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) ត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលរៀបចំដោយសភានៃព្រះរាជាណាចក្រកម្ពុជាក្រោមប្រធានបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្ដិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩»។ កិច្ចប្រជុំនេះជាវេទិកាមួយសម្រាប់ទំនាក់ទំនងការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃបណ្ដាប្រទេសអាស៊ី និងអឺរ៉ុប។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានកោះប្រជុំលើកដំបូងនៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្នមានសមាជិកនៅតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេសរួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក