ពោធិ៍សាត់៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានប្រកាសអាសន្នពីកម្រិតទឹកក្នុងស្ទឹងពោធិ៍សាត់ដែលអាចកើនឡើងបង្ករជាទឹកជំនន់ក្នុងខេត្តបន្ទាប់ពីភ្លៀងបន្តធ្លាក់រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកានេះ។
ក្នុងសេចក្ដីប្រកាសចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រធានមន្ទីរធនធានទឹកខេត្តពោធិសាត់ លោក កែវ វ័យ បានជម្រាបដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ទាំងអស់ ជាពិសេសពលរដ្ឋដែលរស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធឱ្យបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ពីទឹកជំនន់ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសពលរដ្ឋដែលងាយរងគ្រោះផងដែរ។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីបានធ្វើតាមដានលើស្ថានភាពអាកាសធាតុរួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងអារ៉ែង ស្តឹងធំ និងស្ទឹកព្រៃខ្លុង មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើឱ្យទឹកស្ទឹងពោធិសាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កឱ្យមានទឹកជំនន់ក្នុងខេត្តពោធិសាត់» ។
ក្រសួងធនធានទឹកនិងឧតុនិយមក្នុងសេចក្ដីជូនដំណឹងរបស់ខ្លួនថា ស្ថានភាពភ្លៀងនៅកម្ពុជានឹងអាចបន្តពីខ្សោយទៅបង្គួរចាប់ថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៣ខែវិច្ឆិកាខាងមុខ ដោយសារឥទ្ធិពលជ្រលងសម្ពាធទាបមកពីសមុទ្រចិនខាងត្បូងរុញមកទូលនឹងតំបន់វាលរាបខាងក្រោម និងទ្រនុងសម្ពាធខ្ពស់ពីភាគខាងជើងចិនគ្របដណ្ដប់លើភាពខាងលើប្រទេស។
អ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមលោក ចាន់ យុត្ថា បានឱ្យ EAC News ដឹងថាក្នុងរយៈពេលប៉ុន្មានថ្ងៃនេះស្ថានភាពទឹកភ្លៀងបានបង្កឱ្យមានការជន់លិចស្រុកចំនួន២ក្នុងខេត្តបាត់ដំបងគឺស្រុករុក្ខគិរី និងស្រុកមោងឬស្សី តែលោកថាស្ថានភាពទឹកក្នុងស្រុកទាំងពីរនេះបានធូរស្រាលហើយនៅថ្ងៃនេះ ខណៈទឹកក្នុងខេត្តពោធិសាត់ដែលឈានដល់កម្រិតប្រកាសអាសន្ន និងស្ទឹងព្រែកត្នោតក្នុងខេត្តកំពង់ស្ពឺរក្សាបានស្ថានភាពធម្មតានៅឡើយ។
បើតាមលោក ចាន់ យុត្ថា ស្ថានភាពទឹកភ្លៀងនឹងអាចធូរស្រាលវិញដែរចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ខាងមុខ នៅពេលដែលឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីចិន ប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកបានធូរស្រាលបន្ដិចវិញ៕