នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ ៦៧នាក់ទៅថៃវិញក្រោយរកឃេីញស្នាក់ធ្វើការងារខុសច្បាប់ក្នុងដីខ្មែរ
បន្ទាយមានជ័យ ៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃចំនួន ៦៧នាក់ (ស្រីចំនួន ២៤នាក់) ដែលស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយខុសច្បាប់ទៅឱ្យថៃវិញនៅស្ពានមិត្តភាពច្រកទ្វារអន្តរជាតិប៉ោយប៉ែត ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ទោ សិទ្ធ ឡោះ បានឱ្យ EAC News ដឹងថាកាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លង កម្លាំងនគរបាលជំនាញផែនការងារអន្តោប្រវេសន៍ និងកម្លាំងពាក់ព័ន្ធដឹកនាំដោយប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ បានចុះត្រួតពិនិត្យស្វែងរកអ្នកដែលធ្វើការខុសច្បាប់នៅប្រទេសកម្ពុជាក្នុងទឹកដីក្រុងប៉ោយប៉ែត។
ជាលទ្ធផល រកឃើញជនជាតិថៃស្នាក់នៅផ្ទះសំណាក់ ម៉េង ហួរ ភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត ចំនួន ៤នាក់ ខណៈមនុស្ស ៥៦នាក់ផ្សេងទៀតរកឃើញនៅអាគារមួយក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ២នាក់ រកឃើញនៅកាស៊ីណូប៉ូលី និងចំណុចអាគារថ្មី ខណៈ ៥នាក់នៅម្តុំផ្ទះល្វែង ក្បែរបុរី សាន ហូរ និងមកពីភ្នំពេញម្នាក់ (ពិការជើង) សរុប ចំនួន ៦៧នាក់ (ស្រី ២៤នាក់)។
បច្ចុប្បន្ន ជនជាតិថៃទាំង ៦៧នាក់ សមត្ថកិច្ច កម្ពុជា បានធ្វើការប្រគល់ជូនភាគីថៃវិញ នៅស្ពានមិត្តភាពកម្ពុជា-ថៃ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕