ភ្នំពេញ៖ ឈ្មួញគ្រឿងញៀនជាជនជាតិកាណាដាម្នាក់ឈ្មោះ FU YONG QING ត្រូវបានសមត្ថកិច្ចប្រឆាំងគ្រឿងញៀនកម្ពុជាចាប់ខ្លួនបាន ជាមួយនឹងថ្នាំញៀនចំនួន១៦៧គីឡូក្រាម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញ។
មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងក្នុងហ្វេសបុកផេករបស់ខ្លួនថា មុននឹងឈានដល់ការចាប់ខ្លួននេះមន្ត្រីនគរបាលជំនាញបានតាមដានចាប់តាំងពីថ្ងៃទី១៧ ខែតុលា រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតាមគោលដៅ និងស្រាវជ្រាវលើទីតាំងចំនួន៣ផ្សេងគ្នាជាបន្តបន្ទាប់នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងនៅបន្ទប់ 13AD និង13AE ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង។
ជាលទ្ធផលឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនម្នាក់ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី ១១ វិច្ឆិកា ឆ្នាំ១៩៦៩ កាន់លិខិតឆ្លងដែនការណាដាលេខ AC790143 និងបានចាប់បានគ្រឿងញៀន អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ជិត៨ម៉ឺន៦ពាន់គ្រាប់ ស្មើជាង២៨គីឡូក្រាម អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ជាង១៥ម៉ឺនគ្រាប់ ស្នើនឹងជាង៦០គីឡូក្រាម ថ្នាំអ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ជាង៥០គីឡូក្រាម អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ជិត២៥គីឡូក្រាម ថ្នាំនីមេតាហ្សេប៉ាម(Nimetazepam) ជិត១ម៉ឺនគ្រាប់ទំងន់ជិត២គីឡូក្រាម ថ្នាំមេតំហ្វេតាមីន(ICE) ទម្ងន់ជិត១គីឡូក្រាម និងកេតាមីន (Ketamine) ជាង២គីឡូ។ ដែលសរុបទម្ងន់ចំនួន ១៦៧ គីឡូនិង៤៧៥.៤៣ក្រាម។
ក្រៅពីថ្នាំញៀនសមត្ថកិច្ចក៏ចាប់បានផងដែរនូវអាវុធខ្លី១ដើម(គ្រាប់ ៦) ជញ្ជីង១គ្រឿង រថយន្ត១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ។
បើតាមមន្ទីរប្រឆាំងគ្រឿងញៀន បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបាននគរបាលកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ហើយផងដែរ៕