ទង់ជាតិកម្ពុជាបង្ហូតលើឆាកប្រកួតកីឡាប៉ូលប៉េតង់ពិភពលោកនៅប្រទេសអេស្ប៉ាញបន្ទាប់ពីកីឡាការិនីកម្ពុជាទទួលមេដាយមាស
ភ្នំពេញ៖ រូបភាពជាច្រើនសន្លឹកបង្ហាញពីទង់ជាតិកម្ពុជាត្រូវបានបង្ហូតនៅចំកណ្ដាលនៃទង់ជាតិប្រទេសដទៃជាមួយកីឡាការិនី អ៊ុក ស្រីមុំ ឈរលើវេទិការជ័យជម្នះលេខរៀងទី១ពិភពលោក។ នេះជាការប្រគល់មេដាយមាសពិភពលោកកីឡាប៉េតង់នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ។
កីឡាការិនីកម្ពុជាអ្នកស្រី អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោកកីឡាប៊ូល ប៉េតង់ វិញ្ញសារវាយយកពិន្ទុ នៅអេស្ប៉ាញ បន្ទាប់ពីយកឈ្នះកីឡាការិនីថៃ ក្នុងលទ្ធផល៣៩ទល់២៧ កាលពីម្សិលមិញ។
ក្រោយទទួលជ័យជម្នះនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើ ហ្វេសបុកផេករបស់សម្ដេចថា កម្ពុជាពិតជាមោទនភាព និងអបអរសាទរចំពោះវីរកីឡាការិនី អ៊ុក ស្រីមុំ ដែលបានទទួលជ័យជម្នះនេះផងដែរ។
នេះជាឆ្នាំទី៥ហើយដែលកម្ពុជាទទួលបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុក្នុងកីឡាប៊ូល ប៉េតង់ ដែលមិនទាន់មានប្រទេសណានៅលើពិភពលោកធ្វើបាននៅឡើយទេ៕
PHOTO: TVK