ភ្នំពេញ៖ ក្រសួងសុខាភិបាល សម្រេចបញ្ឈប់ការធ្វើចត្តាឡីស័កចំពោះអ្នកដែលបានចាក់វ៉ាក់សាំង និងគ្មានវិជ្ជមានជំងឺកូវីដ-១៩ ព្រមទាំងអនុញ្ញាតដល់អ្នកដំណើរដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក សណ្ឋាគារ និងគេហដ្ឋានទូទាំងប្រទេស ដែលមិនមានវិជ្ជមានកូវីដ-១៩ អាចចេញពីការធ្វើចត្តាឡីស័កបានចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ស្អែកនេះ។
ការសម្រេចរបស់ក្រសួងសុខាភិបាលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាផ្ទាល់មាត់មួយកាលពីល្ងាចមិញបញ្ចប់ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងខ្មែរ និងបរទេសដែលចាក់វ៉ាក់សាំងកូវីដ-១៩ បាន២ដូសរួច និងធ្វើតេស្តរហ័សរកមិនឃើញវិជ្ជមានកូវីដ-១៩ អាចធ្វើដំណើរបានដោយសេរីទូទាំងប្រទេសកម្ពុជា។
ក្នុងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកានេះបានបញ្ជាក់ថា ចាប់ពីថ្ងៃទៅ១៥ ខែវិច្ឆិកា តទៅ អ្នកដំណើរទាំងខ្មែរ និងបរទេស ដែលចូលកម្ពុជាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ត្រូវភ្ជាប់មកជាមួយនូវបណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ដែលមានសុពលភាពរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា ដែលទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី។
ក្រសួងបញ្ជាក់បន្ថែមថាក្រោយពេលពិនិត្យបណ្ណចាក់វ៉ាក់សាំង និងវិញ្ញាបនបត្របញ្ជាក់គ្មានជំងឺកូវីដ-១៩ រួចតម្រូវឱ្យអ្នកដំណើរត្រូវធ្វើតេស្តរហ័ស (Rapid Test) កូវីដ-១៩ នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តរហ័ស រយៈពេលពី ១៥ ទៅ ២០នាទី។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩ អវិជ្ជមាន បុគ្គលនោះអាចធ្វើដំណើរបានដោយសេរីនៅទូទាំងកម្ពុជា ដោយមិនកម្រិតតំបន់ ឬ ខេត្ត ក្រុងនោះទេនិងមិនតម្រូវឲ្យធ្វើចត្តាឡីស័កឡើយ។
បន្ថែមលើនេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងរួច និងធ្វើតេស្តគ្មានជំងឺកូវីដ-១៩ ក៏ត្រូវបានក្រសួងសម្រេចឱ្យចេញពីការធ្វើចត្តាឡីស័កផងដែរ។
សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំងការពារជំងឹកូវីដ-១៩ ទាំងខ្មែរ និងបរទេស គឺក្រសួងសម្រេចរក្សាថ្ងៃធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃដដែលបើទោះធ្វើតេស្តមិនឃើញជំងឺកូវីដ-១៩ ក៏ដោយ៕