
សមត្ថកិច្ចរកឃើញសារធាតុមេតាណុល ក្នុងភេសជ្ជៈដែលអ្នកធ្វើចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យលាយផឹកបណ្ដាលឱ្យស្លាប់
បន្ទាយមានជ័យ ៖ បន្ទាប់ពីមានករណីយកអាល់កុល លាយជាមួយភេសជ្ជៈ ពុលស្លាប់ ៧នាក់ នៅមណ្ឌលចត្តាឡីស័កក្នុងក្រុងប៉ោយប៉ែត មន្រ្តីជំនាញយកសំណាកទៅវិភាគដែលជាលទ្ធផលបឋម គឺរកឃើញសារជាតិមេតាណុលក្នុងភេសជ្ជៈដែលជនរងគ្រោះបានលាយ មិនមែនជាអាល់កុលនោះទេ។
ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.ឬCCF) ខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថា សារធាតុមេតាណុលដែលនៅក្នុងភេសជ្ជៈជនរងគ្រោះលាយផឹកនោះគឺមានជាតិពុលកម្រិតខ្ពស់ដែលអាចធ្វើអោយស្លាប់បាន។
ក្រោយពីទទួលលទ្ធផលវិភាពពីមន្ទីរពិសោធន៍រួចមន្ត្រីសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ និងអាជ្ញាធរពាក់ព័ន្ធបានចុះ ដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ក្នុងភូមិកូនដំរី សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់បានអាល់កុលក្លែងក្លាយ ឬមេតាណុលចំនួន ១៨៦ដប និង១ពីដុង ស្មើ១២៣លីត្រ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា កន្លងទៅពលករខ្មែរដែលជាប់ធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក កូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំនួន ៧នាក់ស្លាប់ និង១៨នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់ បន្ទាប់ពីពួកគេបានយកអាកុលសម្រាប់បាញ់សម្លាប់មេរោគនៅមណ្ឌលចត្តាឡីស័កលាយជាមួយនឹងភេសជ្ជៈកូកាកូឡា និងតែអូអ៉ិឈិដើម្បីផឹក៕