ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោជំរុញឱ្យស្ថាប័នពាក់ព័ន្ធរកមធ្យោបាយធ្វើឱ្យស្ថានភាពអនាម័យជនបទ មានសន្ទុះក្នុងអត្រា ៥% ជារៀងរាល់ឆ្នាំ

ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីសារប្រយោជន៍នៃការធ្វើអនាម័យជាពិសេសគឺអនាម័យនៅតាមទីជនបទ។ សម្ដេចតេជោ ចាត់ទុកការធ្វើឱ្យមានភាពល្អប្រសើរនូវស្ថានភាពអនាម័យនៅជនបទនៅកម្ពុជាគឺជាភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធ និងពលរដ្ឋគ្រប់រូប។

សម្ដេចតេជោក៏បានលើកផងដែរថា នៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ការថែរក្សាអនាម័យគឺមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

សម្ដេចបានជំរុញឱ្យមានការពិនិត្យតាមដាន និងរកវិធីសាស្ត្រធ្វើយ៉ាងណាឱ្យស្ថានភាពអនាម័យជនបទនៅកម្ពុជា មានសន្ទុះបន្ថែមទៀតក្នុងអត្រា ៥% ជារៀងរាល់ឆ្នាំ ទើបកម្ពុជាអាចសម្រេចបាននូវទស្សនវិស័យដែលបានកំណត់ថា ប្រជាជនទាំងអស់នឹងទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តភាព នៅឆ្នាំ២០២៥។

ជាមួយគ្នានេះសម្ដេចតេជោក៏បានឱ្យជាអនុសាសន៍មួយចំនួនដើម្បីឱ្យសម្រេចបាននូវផែនការបន្ថែមសន្ទស្សន៍អនាម័យជនបទដោយ ឱ្យថ្នាក់ជាតិ និងថ្នាក់ខេត្ត បន្តយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀត ហើយក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវកៀងគរថវិកានិងវិធានការយ៉ាងណាដើម្បីឱ្យសម្រេចបាននូវការគ្រប់ដណ្ដប់អនាម័យឱ្យបាន៩០% នៅឆ្នាំ២០២៣។

សម្ដេចតេជោ បានជំរុញដល់អ្នកពាក់ព័ន្ធធ្វើយ៉ាងណាឱ្យខេត្តដែលមានអត្រាអនាម័យខ្ពស់សម្រេចបានគោលដៅគ្មានការបន្ទោរបង់ ពាសវាល ពាសកាលឱ្យបាន ១០០% ខណៈខេត្តដែលមានកម្រិតអនាម័យទាបត្រូវរកវិធីសាស្ត្រយ៉ាងណាគាំទ្រឱ្យមានការរីកចម្រើននូវកម្រិតអនាម័យនៅក្នុងខេត្តនោះ។ លើកកម្ពស់ការលាងដៃនឹងសាប៊ូតាមរយៈការអប់រំ និងបង្កើតកន្លែងលាងដៃ រួមទាំងផ្គត់ផ្គង់សម្ភារៈ លាងសម្អាតដៃកុំឱ្យមានការខ្វះខាត។

ចំពោះអនាម័យសម្រាប់ស្ដ្រីវិញ សម្ដេចតេជោក៏ជំរុញឱ្យលើកកម្ពស់ការយល់ដឹងនិងប្រតិបត្តិអនាម័យនៅពេលមានរដូវរបស់ស្ត្រីនិងកុមារីអាយុពេញវ័យ សំដៅផ្លាស់ប្ដូរឥរិយាបថនៃការគ្រប់គ្រងអនាម័យពេលមានរដូវឱ្យកាន់តែប្រសើរឡើង។

ទាក់ទងនឹងការប្រើប្រាស់បង្គន់វិញ សម្ដេចក៏តម្រូវឱ្យគិតគូរពីការគ្រប់គ្រងកាកសំណល់លាមកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងការបង្ហូរកាកសំណល់ទៅក្នុងបរិស្ថានដែលបង្ករឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាមួយនឹងការពង្រឹងលទ្ធភាពដល់គ្រួសារនៅជនបទឱ្យមានលទ្ធភាពក្នុងការទទួលបានបង្គន់អនាម័យប្រើប្រាស់ផងដែរ។

បើតាមសម្ដេចតេជោ ក្នុងឆ្នាំ២០០៧ ប្រជាជនកម្ពុជាមានលទ្ធភាពប្រើបង្គន់អនាម័យចំនួន ១៦% ខណៈតួលេខនេះបានកើនដល់ ៧៨,៣% ក្នុងឆ្នាំ២០១៩ ដោយសម្ដេចចាត់ទុកថា វឌ្ឍនភាពនៃស្ថានភាពអនាម័យនេះគឺកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអនាម័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក