ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក មុត ខៀវ អំពាវនាវដល់កងអង្គរក្សត្រូវចូលរួមការពារសន្តិភាព ដើម្បីឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តទៀត

ភ្នំពេញ៖ ទីប្រឹក្សាផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា លោក មុត ខៀវ បានលើកឡើងថាសន្តិភាពដែលបានមកដល់ពេលបច្ចុប្បន្នគឺជាការលះបង់របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុនមិនតិចជាង៤ដងទេក្នុងឆាកជីវិតរបស់សម្ដេច។ លោកបានជំរុញឲ្យកងអង្គរក្សបន្តការពារនូវសុខសន្តិភាពដែលសម្ដេចខំប្រឹងបានមកដោយលំបាកនេះឱ្យថិតថេរទៅមុខបន្តទៀត។

លោកថ្លែងបែបនេះ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ ឲ្យប្រើ ប្រាស់ជាផ្លូវការរោងដាក់រថយន្តបញ្ជាការដ្ឋានអង្គរក្ស ដែលមានតម្លៃជិត១លានដុល្លារនៅព្រឹកនេះ។

លោក មុត ខៀវ បានបញ្ជាក់ថា៖ «សន្តិភាពនេះហើយដែលធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យជាបន្តបន្ទាប់។ [...] ការចូលរួមការពារសន្តិភាពនេះ គឺជា លើកស្ទួយជីវិតគ្រួសារ និងប្រជាពលរដ្ឋនៅ ទូទាំងប្រទេស» ។

បន្ថែមពីលើការលើកឡើងនេះ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងថា ធ្វើជាអង្គរក្សត្រូវមានភាពស្មោះត្រង់ចំពោះថ្នាក់ដឹកនាំដោយគោរពប្រតិបត្តិនូវអភិក្រមទាំង៣ របស់បញ្ជាការដ្ឋានអង្គរក្សគឺ «ស្មោះត្រង់ ការពារ បម្រើ» និងហ៊ានពលីកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងប្តេជ្ញា ការពារ ធានាសន្តិសុខសុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ មានទីតាំងនៅទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បញ្ជាការដ្ឋាននេះធ្លាប់ជាកងវរសេនាតូចលេខ២៤៦ ដែលជាកងពលបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន នៅក្នុងសម័យរដ្ឋកម្ពុជាឆ្នាំ១៩៩០។

បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានបង្កើតឡើងដាក់ឲ្យចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទស្ថិតក្រោមការដឹកនាំ បញ្ជាផ្ទាល់របស់នាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ និងអគ្គបញ្ជាការជាអ្នកធានា ផ្គត់ផ្គង់ភស្តុភារហិរញ្ញវត្ថុ គ្រឿងបំពាក់កម្លាំង និងហ្វឹកហ្វឺន។

នៅថ្ងៃនេះផងដែររោងដាក់រថយន្តគ្រប់ប្រភេទចំនួន៤ខ្នងក្នុងបញ្ជាការដ្ឋានអង្គរក្ស ទួលក្រសាំង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានតម្លៃជាង៨៦ម៉ឺនដុល្លាត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរ។

មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល បានឲ្យដឹងថារោងដាក់រថយន្តដែលសម្ពោធនាព្រឹកនេះ សរុបមាន៤ខ្នង ទំហំ៨,៨រយម៉ែត្រការ៉េ ដើម្បីថែរក្សារថយន្តពិសេសៗរួមមាន រថយន្តធន់ធំដឹកសម្ភារៈចល័តគ្រប់រាជធានី/ខេត្ត រថយន្ត GMC រថយន្ត Zill សម្រាប់ចល័តទ័ព រថយន្តពន្លត់អគ្គីភ័យ រថពាសដែក និងរថយន្តអាវុធ គាំទ្រ BM-21 ព្រមទាំងម៉ូតូការពារធន់ធំ ធន់តូចគ្រប់ប្រភេទ។

លោកបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់រោងរថយន្តនៅពេលនេះនឹងជួយសម្រួលការងារដល់កងអង្គរក្ស សម្រាប់បម្រើការងារការពារ សន្តិសុខ សង្គម ការ ពារ សន្តិភាពជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ការពារបូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហា ក្សត្រ ជាពិសេសការពារសុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធ បណ្ឌិត ព្រម ទាំងក្រុមគ្រួសារ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក