
សម្ដេចតេជោ អនុញ្ញាតឱ្យម្ចាស់រោងការអញ្ជើញភ្ញៀវលើសពី២០០នាក់បានតែត្រូវរក្សាវិធានការសុវត្ថិភាពឱ្យបានខ្ពស់
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យម្ចាស់រោងការទាំងអស់អាចអញ្ជើញភ្ញៀវលើសពី២០០នាក់បាន ដោយអាចស្រ័យតាមទំហំទីតាំងដែលរៀបចំ និងត្រូវរក្សាវិធានការសុវត្ថិភាពឱ្យបានខ្ពស់។
ក្នុងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន នារសៀលនេះសម្ដេចបញ្ជាក់ថាការអញ្ជើញភ្ញៀវចូលរួមអាពាហ៍ពិពាហ៍ចាប់ពីពេលនេះទៅត្រូវអនុលោមតាមទីតាំងដែលបានប្រារព្ធដែលមានន័យថាការប្រារព្ធអាពាហ៍ពិពាហ៍នៅទីតាំងកាន់តែធំអាចអញ្ជើញភ្ញៀវកាន់តែច្រើន។ សម្ដេចបញ្ជាក់ទៀតថាក្រៅពីអញ្ជើញមនុស្សដោយគិតលើទីតាំងហើយ ត្រូវតែអនុវត្តន៍វិធានការសុខាភិបាលឱ្យបានតឹងរឹង ជាពិសេសគឺការរក្សាគម្លាត១ម៉ែត្រកន្លះពីគ្នា ហើយអ្នកដែលមានចេតនាគេចវេសពីការចាក់វ៉ាក់សាំងមិនត្រូវបានលើកទឹកចិត្តឱ្យចូលរួមនោះទេ។
សម្ដេចតេជោថា៖ «ដូច្នេះបងប្អូនជនរួមជាតិមានលទ្ធភាពដើម្បីអញ្ជើញភ្ញៀវមិនមែនត្រឹម២០០នាក់ទៀតទេ។ គឺមានលទ្ធភាពរាប់រយច្រើនរយរហូតដល់រាប់ពាន់នាក់ទៅតាមទីតាំងដែលសមស្របតាមការកំណត់របស់ក្រសួងសុខាភិបាល» ។
បើតាមសម្ដេចតេជោ ការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗក៏នឹងអនុញ្ញាតឱ្យប្រព្រឹត្តិទៅបានដោយយកគម្រូតាមការការសម្រេចនេះផងដែរ។
ការសម្រេចរបស់សម្ដេចតេជោនាពេលនេះគឺមានរយៈពេល៤ថ្ងៃបន្ទាប់ពីសម្ដេចអនុញ្ញាតឱ្យមានការរៀបអាពាហ៍ពិពាហ៍ឡើងវិញដោយកម្រិតចំនួនភ្ញៀវចូលរួមបាន២០០នាក់ ដោយមិនគិតចំនួនអ្នកផ្ដល់សេវា កាលពីថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ។
ការសម្រេចឱ្យមានពិធីរៀបអាពាហ៍ពិពាហ៍ឡើងវិញនេះ គឺបន្ទាប់ពីកម្ពុជាសម្រេចជោគជ័យ១០០ភាគរយចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ពលរដ្ឋគោលដៅ នឹងបានបើកប្រទេសឡើងវិញលើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅនេះ។
គិតចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ រហូតមកដល់ពេលនេះគឺមានរយៈពេលជិត៨ខែហើយ៕