របាយការណ៍ចុងក្រោយពីសមត្ថកិច្ចមនុស្ស៧នាក់ស្លាប់ និង១៨កំពុងសង្គ្រោះបន្ទាប់ពីផឹកអាល់កុលលាយទឹកក្រូច
បន្ទាយមានជ័យ៖ របាយការណ៍ចុងក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថាមនុស្សចំនួន៧នាក់ស្លាប់ និង១៨នាក់ទៀតកំពុងតែសង្គ្រោះ បន្ទាប់ពីយកអាល់កុលបាញ់ដៃសំរាប់ធ្វើអនាម័យ លាយជាមួយទឹកតែអូអ៊ីឈិ និងទឹកក្រូចផឹកក្នុងពេលធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កកូបធំ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
អភិបាលរងក្រុងប៉ោយបែតលោក ហឿន វីរៈ ថាករណីពុលអាល់កុលលាយភេសជ្ជៈនេះបណ្តាលមកពលករដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បានយកអាល់កុលដែលដាក់សម្រាប់ឲ្យពួកគាត់បាញ់ធ្វើអនាម័យសម្លាប់មេរោគ យកទៅលាយជាមួយតែអូអ៊ីឈិ និងទឹកក្រូចដើម្បីផឹកកាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកាម្សិលមិញ។
លោកអភិបាលរងក្រុងប៉ោយប៉ែតក៏បានឱ្យដឹងទៀតថា កន្លងទៅក្រុមការងារបានធ្វើការណែនាំដល់អ្នកធ្វើចត្តាឡីស័កទាំងអស់មិនឱ្យយកគ្រឿងស្រវឹងចូលក្នុងមណ្ឌលចត្តាឡីស័ក តែពួកគាត់បែរនាំគ្នាយកអាល់កុលលាយផឹកបណ្តាលមានគ្រោះថ្នាក់បែបនេះទៅវិញ។
ក្រុមការងារមន្ទីរសុខាភិបាលខេត្តបានធ្វើការប្រមូលយកសំណាកដែលពុលយកទៅវិភាគនៅព្រឹកនេះហើយ ចំពោះលទ្ធផលយ៉ាងណា នឹងជូនដំណឹងតាមក្រោយបន្តទៀត៕