ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១-Lito Real, ២-លក់ម៉ាស់ 3និង4 ស្រទាប់ 0965680561 / 0884103650 ៣-Mask Cambodia ម៉ាសពេទ្យ ៤-Srey Sor និងគណនីដទៃទៀត កំពុងផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញ។
អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺ ឬឧបករណ៍ បរិក្ខារពេទ្យ (ម៉ាស់) គ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល ហើយការលក់ផលិតផលទាំងនេះអាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងស្របច្បាប់តែប៉ុណ្ណោះ។
ក្រសួងសុខាភិបាល ជូនដំណឹងដល់ម្ចាស់គណនីទាំងអស់ខាងលើក៏ដូចជាគណនីដទៃទៀតថា ការលក់ឧបករណ៏បរិក្ខារពេទ្យ (ម៉ាស់) តាមប្រព័ន្ធអនឡាញជាសកម្មភាពខុសច្បាប់ ដែលការលក់ផលិតផល ទាំងនេះតម្រូវឱ្យលក់តាមឱសថស្ថាន ឱសថស្ថានរង ស្របច្បាប់ ហើយត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកាពីក្រសួង សុខាភិបាល ការលក់ផលិតផលទាំងនេះតាមប្រព័ន្ធអនឡាញវាអាចជំរុញឱ្យមានផលិតផលក្លែងបន្លំ ឬអន់គុណភាព ដែលអាចធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ ជាពិសេសប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ ដែលអនុញ្ញាតឱ្យមានការផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) យ៉ាងអនាធិបតេយ្យ និងគណនីពាក់ព័ន្ធដទ ទៀត ដែលបាននាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ឧបករណ៍បរិក្ខារពេទ្យ (ម៉ាស់) ទៅតាមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕