ភ្នំពេញ៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន ប្រាប់ EAC News ថាសកម្មជនអតីតបក្សប្រឆាំង២នាក់ឈ្មោះ វឿង សំណាង និងវឿន វាសនា (ហៅព្រៃឡង់គ្រញូង) ដែលត្រូវអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាគឺដោយសារមនុស្ស២នាក់នេះលួចទៅនៅប្រទេសថៃដោយខុសច្បាប់ដោយខ្លួនឯង។
លោកបញ្ជាក់ថា ក្រោយពីអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញហើយមានដីការចាប់ខ្លួនពីតុលាការស្រាប់ទៀតនោះមនុស្ស២នាក់នេះនឹងត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារមុននឹងបញ្ជូនទៅតុលាការមានចំណាត់ការបន្ត។
លោកបានបញ្ជាក់ថា៖ «មនុស្សពីរនាក់ហ្នឹងស្នាក់នៅដោយខុសច្បាប់នៅប្រទេសថៃ។ ថៃគេអនុវត្តច្បាប់អន្តោប្រវេសន៍គេបណ្ដេញចេញមកស្រុកកំណើតវិញ។ ក៏ប៉ុន្ដែមនុស្ស២នាក់ពេលបញ្ជូនមកយើងឃើញមានដីកា ព្រោះតែមានដីកាហើយយើងត្រូវមានវិធានការសុំតាំងពីប៉ូលិសអន្តរជាតិថែមទៀតនោះ។ យើងមិនទទួលពីថៃទេ ការពិតថៃគេដេញចោលមកទេ! យើងទទួលពីតុលាការអញ្ចឹងមនុស្សពីរនាក់ហ្នឹងគ្មានកន្លែងណាដែលត្រូវបញ្ជូនក្រៅពីតុលាការនិងគុកទេ!»
លោក វឿន វាសនា ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញចេញដីការបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ពាក់ព័ន្ធបទរារាំងដល់ការអនុវត្តវិធានការ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គមតាមមាត្រា១១នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោកវឿង សំណាង និងវឿង វាសនា ត្រូវបាននគរបាលថៃចាប់ខ្លួនកាលពីម៉ោង៧យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងបាងកកប្រទេសថៃ។ សមាជិកក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក អេង ឆៃអ៊ាង បានសរសេរនៅលើហ្វេសបុកថាសកម្មភាពនៃការចាប់ដោយអាជ្ញាធរថៃនេះ គឺជាការរំលោភបំពានសិទ្ធិមនុស្សលើសិទ្ធិជនភៀសខ្លួនដែលទទួលស្គាល់ដោយអង្គការសហប្រជាតិ UNHCR ប្រចាំព្រះរាជាណាចក្រថៃ។ ទោះជាយ៉ាងណាអ្នកនាំពាក្យនគរបាលជាតិលោក ឆាយ គឹមឃឿន ថាមនុស្សទាំងពីរនាក់នេះបានស្នាក់នៅដោយខុសច្បាប់នៅប្រទេសថៃមិនជាប់ពាក់ព័ន្ធនឹងជនភៀសខ្លួននោះទេ៕