ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជំរុញអាស៊ានឱ្យធ្វើសមាហរណកម្មតាមគន្លងប្រក្រតីភាពថ្មីគឺជាកិច្ចការចាំបាច់ និងសមស្របដើម្បីធ្វើឱ្យអាស៊ានទៅជាតំបន់មួយដែលមានភាពធន់ ប្រកួតប្រជែង និងបរិយាប័ន្ន។ សម្ដេចតេជោ បានជំរុញបែបនេះក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី២៧ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
សម្ដេចតេជោបានជំរុញឱ្យអាស៊ានត្រូវគិតគូរពីការរួបរួមគ្នាតាមពាក្យស្លោក «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» សម្ដេចបានជំរុញដល់អាស៊ានអនុវត្តនូវផែនការមេអាស៊ានតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ស្ថាប័ន និងការតភ្ជាប់ប្រជាជន។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួនឱ្យអាស៊ានអាចប្រតិបត្តិក្នុងតំបន់បានរលូនក្នុងបរិបទថ្មីដោយដំណើរការអនុវត្តន៍ផែនការសកម្មភាពក្រោមក្របខណ្ឌការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន ដោយសង្កត់ធ្ងន់លើការតភ្ជាប់ក្នុងតំបន់ជាមួយនឹងការបង្កើនសកម្មភាពបន្ថែមទៀតគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន។
ក្រៅពីពង្រឹងឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់ សម្ដេចតេជោក៏ជំរុញឱ្យអាស៊ានពន្លឿនការចុះហត្ថលេខា និងដាក់អនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប អាស៊ាន-នូវែលសេឡង់ និងអាស៊ាន-កូរ៉េ ដោយថាដើម្បីជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក។ លើសពីនេះសម្ដេចតេជោក៏ជំរុញដល់អាស៊ានឱ្យស្វែងរកដៃគូសន្ទនា មូលនិធិ និងជំនួយការបច្ចេកទេសជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀតនៅក្នុងតំបន់។
សម្ដេចបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីថា ក្រោយពីកម្ពុជាបានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថាកម្ពុជានឹងអាចទទួលបាន នឹងចូលរួមចែករំលែកបទពិសោធន៍និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀតសម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល» ។
ស្របគ្នាជាមួយការបង្កើនការដឹកជញ្ជូនឡើងវិញនេះសម្ដេចតេជោស្នើឱ្យអាស៊ានបន្តអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថានដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថានដែលបណ្ដាលមកពីការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសាធាតុបំពុលផ្សេងទៀត។
អ្វីដែលសំខាន់សម្ដេចតេជោបានជំរុញដល់អាស៊ានបន្តការខិតខំដោះស្រាយបញ្ហាចរាចរណ៍ តាមរយៈការអនុវត្តនូវលិខិតតូបករណ៍គតិយុត្តដែលមានសម្រាប់ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច៥០%ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣០។
គួរបញ្ជាក់ថា អស់រយៈពេលជាង២ឆ្នាំហើយដែលប្រទេសក្នុងតំបន់អាស៊ានរឹតត្បិតច្រកចេញចូលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ នៅចំពោះមុខនៃការឆ្លងរីករាលដាលនេះ ប្រទេសនានាក្នុងតំបន់បានដាក់ចេញយុទ្ធនាការជាបន្តបន្ទាប់ក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងប្រទេសរបស់ពួកគេរៀងខ្លួន ខណៈដែលកម្ពុជាមានសញ្ញាវិជ្ជមានជាបន្តបន្ទាប់នៅចុងឆ្នាំ២០២១នេះ ហើយប្រទេសជាច្រើនក្នុងតំបន់ពន្លឿនល្បឿននៃការចាក់វ៉ាក់សាំង និងបានប្រកាសបើកព្រំដែនរបស់ខ្លួនបន្តិចម្ដងៗឡើងវិញ៕