បាត់ដំបង៖ ព័ត៌មានបឋមពីភ្នាក់ងារ EAC News នៅខេត្តបាត់ដំបង់ឱ្យដឹងថានៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ កម្លាំងសមត្ថកិច្ចក្រុងបាត់ដំបងបានចុះសួរនាំលើស្ត្រីម្នាក់រស់នៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាលើកូនស្រីចិញ្ចឹមរបស់ខ្លួនដែលមានអាយុ៩ឆ្នាំរហូតមានស្នាមរបួសពេញខ្លួន និងគម្រាមមិនឱ្យនិយាយប្រាប់អ្នកដទៃ។
ការចុះសួរនាំនេះគឺបន្ទាប់ពីទទួលបានការរាយការណ៍ពីពលរដ្ឋដែលរស់នៅជិតផ្ទះស្ត្រីខាងលើ ថាពួកគេបានឃើញស្ត្រីជាម្ដាយចិញ្ចឹម តែងតែវាយធ្វើបាបស្ទើជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះវាយនឹងរំពាត់ជាង១០០ និងមានពេលខ្លះវាយផងបាញ់និងជំពាមកៅស៊ូផងក៏មាន។
ប្រភពដដែលបានឱ្យដឹងទៀតថា កុមារីរងគ្រោះខាងលើត្រូវបានពីរនាក់ប្តីប្រពន្ធដែលរៀបការហើយមិនមានកូន បានទៅសុំយកក្មេងស្រីខាងលើពីខាងឪពុកម្តាយបង្កើតដែលមានជីវភាពខ្វះខាតនៅឯមន្ទីរពេទ្យតាំងពីអាយុ០៣ឆ្នាំមកម្លេះ។
មេភូមិវត្តគរលោក ហោ ផុន បានបញ្ជាក់ប្រាប់ភ្នាក់ងារ EAC News ថារឿងប្រើប្រាស់អំពើហឹង្សាខាងលើគឺមានពិតមែន ដោយលោកតែងតែណែនាំជានិច្ចផងដែរ ហើយនៅថ្ងៃនេះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វត្តគរក៏សម្រេចចុះមកសួរនាំតែម្ដង។
ស្រីជាម្ដាយចិញ្ចឹមបានទទួលស្គាល់ថាខ្លួនពិតជាបានវាយកូនស្រីចិញ្ចឹមមែន ប៉ុន្តែក្រោយពីលោកមេភូមិចុះមកណែនាំរួចមកអ្នកស្រីមិនដែលហ៊ានធ្វើបាបទៀតទេ។
ទោះជាយ៉ាងណានៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងសួរនាំនៅផ្ទះស្ត្រីនោះនៅឡើយ ខណៈរង់ចាំកិច្ចសហការជាមួយអង្គការនឹងអង្គការសង្គ្រោះកុមារខេត្តបាត់ដំបងដើម្បីសាកសួរបន្ថែម។