នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលយកការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវេនី លោក ជេរណស ចេនហ្សា ដើម្បីធ្វើទស្សនកិច្ចផ្លូវរដ្ឋមួយនៅប្រទេសស្លូវ៉ានីនៅដើមឆ្នាំ។
នេះបើតាមការបញ្ជាក់របស់ជំនួយការផ្ទាល់សម្តេចតេជោគឺលោក អ៊ាង សុផល្លែត បញ្ជាក់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំរវាងសម្ដេចតេជោ និងលោក ជេរណស ចេនហ្សា នៅរសៀលនេះ។
លោកបានបញ្ជាកទៀតថា សម្ដេចតេជោ និងលោក ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
នេះអាចត្រូវចាត់ទុកជាការបើកនៅទំនាក់ទំនងថ្មីមួយទៀតរវាងប្រទេសកម្ពុជានិងស្លូវេនីឱ្យបានកាន់តែខ្លាំងក្លា ស្របពេលដែលប្រទេសកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ហើយស្លូវ៉ានីនឹងធ្វើជាប្រធានប្ដូរវេនសហភាពអឺរ៉ុប។
លោក អ៊ាង សុផល្លែត បញ្ជាក់ថាក្នុងជំនួបនោះ ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាននិងប្រធានប្ដូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោនិងលោក ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។
ទំនាក់ទំនងការទូតរវាងកម្ពុជានិងស្លូវ៉ានី ហាក់ពុំសូវមានទិន្នន័យច្រើននោះទេ ខណៈទំនាក់ទំនងពាណិជ្ជកម្មក៏ពុំសូវមានច្រើននោះដែរ។
យោងតាមរបាយការណ៍របស់ trade economics ក្នុងឆ្នាំ ២០២០ កន្លងទៅពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ៥០ម៉ឺនដុល្លាប៉ុណ្ណោះ។
ក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនៅថ្ងៃនេះ សម្ដេចតេជោ និងលោក ចេន ហ្សា នឹងជំរុញឲ្យមានកំណើនពាណិជ្ជកម្ម ទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាបន្ថែមផងដែរ៕