
រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធខួបលើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ
បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបងបានប្រារព្ធខួបលើកទី៦៨ នៃទិវាបុណ្យឯករាជជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ២០២១ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១) នៅព្រឹកថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ ។
ពិធីនេះធ្វើឡើងនៅបរិវេណខាងមុខសាលាខេត្តបាត់ដំបងស្ថិតក្នុងក្រុងបាត់ដំបង ដោយមានការអញ្ចើញពីអភិបាល អភិបាលរង ថ្នាក់ដឹកនាំស្ថាប័ននានាក្នុងខេត្ត រួមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនបានចូលរួមផងដែរ។
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងថាការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៨នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២១ គឺជាការរំលឹកនូវកម្លាំងមហាសាមគ្គីជាតិទាំងមូលដណ្ដើមមកវិញពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ នូវឯករាជ្យដ៏ពិតប្រាកដក្រោមព្រះបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិកម្ពុជា។
លោកបន្តថា ការរំលឹកខួបអនុស្សាវរីយ៍ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងនេះ បានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ចនូវគំរូវីរភាពរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពុះពារប្រយុទ្ធតស៊ូធ្វើពលីកម្មក្នុងងបុព្វហេតុសង្រ្គោះជាតិមាតុភូមិពីរបបប្រល័យពូជសាសន៍ប៉ុលពតពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្ស។
ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់អតីតអង្គព្រះមហាក្សត្រ សម្តេច ព្រះនរោត្តម សីហនុ អាណានិគមនិយមបារាំងបានប្រគល់ឯករាជ្យដល់កម្ពុជាទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ បន្ទាប់ពីគ្រប់គ្រងកម្ពុជាអស់រយៈពេល៩០ឆ្នាំ៕